(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអគារឈ្មោះ ជីង ឆាយ៣ ប៉ុន្តែរាល់បុគ្គលិកទាំងអស់ត្រូវបានរកឃើញថាមានឯកសារគ្រប់គ្រាន់ និងមិនបានរកឃើញជនណា ម្នាក់ជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗនោះទេ។
បើតាមសេក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីមានការឯកភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព, រដ្ឋបាល ខេត្តព្រះសីហនុ បានសហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យរដ្ឋបាលទីតាំងអាគារ ជីង ឆាយ ៣ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីពិនិត្យលើទីតាំងជាក់ស្តែងការប្រកបអាជីវកម្ម អាជ្ញាបណ្ណអាជីវកម្ម ស្ថានភាពនៃការស្នាក់នៅ របស់ជនបរទេសអន្តោប្រវេសន៍ និងបទល្មើសនានា ពាក់ព័ន្ធការបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស និងល្បែងខុសច្បាប់ ដោយប្រើប្រាស់កម្លាំងសរុប៤០នាក់។
ប្រតិបត្តិការបង្ក្រាបនេះ ទទួលបានលទ្ធផលរួមមាន៖ ទីតាំងមានអគារចំនួន ២ក្នុងនោះមាន A, B គឺអគារ B មានកម្ពស់៨ជាន់ បន្ទប់ស្នាក់នៅសរុបចំនួន៩០បន្ទប់ ការិយាល័យធ្វើការសរុបចំនួន ៥២បន្ទប់។ ជាន់ផ្ទាល់ដី (មានហាងលក់ម្ហូបអាហារ និងបន្ទប់ស្នាក់នៅ)។ បន្ទាប់មកក្រុមការងារ និងកម្លាំងសមត្ថកិច្ចចម្រុះបានសម្រេចធ្វើការត្រួតពិនិត្យឃើញថា អគារA មានកម្ពស់៤ជាន់មានបន្ទប់សរុបចំនួន ៦២បន្ទប់ពុំមានមនុស្សស្នាក់នៅទេ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា៖ «ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត បានរកឃើញមនុស្សសរុបចំនួន៣៥នាក់ ស្រីចំនួន៦នាក់ ក្នុងនោះមានជនជាតិខ្មែរ សរុបចំនួន១១នាក់ ស្រីចំនួន៤នាក់ និងជនជាតិចិន ចំនួន ២៤នាក់ ស្រីចំនួន ២នាក់ (មានឯកសារគ្រប់គ្រាន់)។ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យក្នុងទីតាំងទាំងមូល ពុំឃើញមានជនរងគ្រោះ និងសញ្ញាណ នៃបទល្មើសផ្សេងៗនោះទេ»។
បើតាមសេចក្តីប្រកាស ដោយការត្រួតពិនិត្យលើទីតាំងខាងលើនេះ មិនមានបទល្មើស និងដោយមានការឯកភាពគ្នាពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ សម្រេចប្រគល់ទីតាំងអគារខាងលើ ជូនអ្នកតំណាងម្ចាស់ទីតាំង ឈ្មោះ ប្រាក់ រស្មី ដើម្បីគ្រប់គ្រងបន្ត និងបានណែនាំឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្ដល់ទីតាំងដល់ជនបរទេសយកទៅប្រកបអាជីវកម្មដែលច្បាប់ហាមឃាត់ ដែលនឹងនាំឲ្យមានការឃាតបង់ធ្ងន់ធ្ងរ នៅពេលអាជ្ញាធរត្រួតពិនិត្យឃើញ។
ទោះបីមានការកត់សម្គាល់ឃើញថា មានទីតាំងមួយចំនួនមានការភ្ញាក់រលឹកបិទអាជីវកម្មអត់ច្បាប់របស់ខ្លួនដោយខ្លួនឯងមែន រដ្ឋបាលខេត្តព្រះសីហនុ នៅតែបន្តធ្វើការត្រួតពិនិត្យរដ្ឋបាលដូចភ្លៀងរលឹមនៅតាមបណ្តា ទីតាំងអាជីវកម្មដែលសង្ស័យមិនមានច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់អាជីវកម្ម ក្នុងករណីរកឃើញបទល្មើស រហូតដល់ភូមិសាស្ត្រខេត្ត ព្រះសីហនុទាំងមូលលែងមានបញ្ហាទាំងនេះ៕