(កំពង់ចាម)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឈានដល់ការឃាត់ខ្លួនបុរសពីរនាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ឡេង សុខា នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងែទី៣០ ខែកញ្ញា ឆ្នាំ២០២២។

លោកវរសេនីយ៍ត្រី ឡេង សុខា បានឲ្យដឹងទៀតថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ និងពន្លាតដែនសម្ថកិច្ច សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ០២ ដីកា (លេខ៦១៥ព.ស និលេខ៦១៤ ពស) ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ចេញដោយលោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ឃុត ខូវ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិច្បារអំពៅ ឃុំច្បារអពៅ ស្រុកបាធាយ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៨៖៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ។

*ទី២៖ ឈ្មោះ ហាប់ ផលរី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ២០៖៣០នាទី នៅតាមផ្លូវស្ថិតនៅភូមិដង្កោ សង្កាត់ដង្កោ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ឡេង សុខា ឲ្យដឹងទៀតថា ដើមចមនៃបទល្មើសខាងលើ ផ្ដើមចេញពី ដើមបណ្តឹងឈ្មោះ ស្រ៊ុន សាឡូន ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល បានប្រគល់លុយទៅឲ្យ ជនសង្ស័យខាងលើដើម្បីទិញដី ប៉ុន្តែជនសង្ស័យមិនបានយកលុយនោះទៅទិញដីឱ្យទេ ទើបធ្វើឲ្យឈ្មោះ ស្រ៊ុន សាឡូន បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តកំពង់ចាម។

លោក ឡេង សុខា បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បន្តចាត់ការតាមនីតិវិធី៕