(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន កងអនុសេនាធំទី១ ផ្នែកសឹករងស្រុកថ្មពួក ព្រះចៅអធិការ ព្រះសង្ឃ វត្តថ្មរមៀល ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងភូមិអូរកំបុត ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានឱ្យដឹងថា ដោយសារស្ថានភាពទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួនហូរធ្លាក់មកពីផ្នែកលើប្រទេសថៃ បណ្តាលផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះត្រូវជន់លិច។ ជាមួយនឹងស្ថានភាព បែបនេះ កម្លាំងរបស់លោក សហការជាមួយអាជ្ញាធរ បានជួយជញ្ជូនសម្ភារ និងផ្ដល់ស្បៀងជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះភ្លាមៗផងដែរ។

លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានបញ្ជាក់ទៀតថា កងកម្លាំងអន្តរាគមន៍របស់វរសេនាតូចថ្មើរជើងលេខ៥១៤ ក៏បានត្រៀមកម្លាំង សម្ភារ និងមធ្យោបាយ ២៤/២៤ម៉ោង សម្រាប់ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋនៅពេលទទួលរងគ្រោះធ្ងន់ធ្ងរ ក្នុងនោះមានទាំងទូកសង្គ្រោះ និងរថយន្តធំផងដែរ៕