(ភ្នំពេញ)៖ ឧកញ៉ា ប៉ិច បូឡែន ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសមាជិកសមាជិកា បានចូលរួមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០៖១៨នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។

យោងតាមសារលិខិតចូលរួមរំលែកមរណទុក្ខ ដែលផ្ញើគោរពជូនឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមក្រុមប្រឹក្សាភិបាល ទីប្រឹក្សា សមាជិក សមាជិកានៃសហព័ន្ធសេវាអប់រំនៅកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំក្តុកក្តួលយ៉ាងក្រៃលែងបំផុតចំពោះមរណភាពរបស់ មហាឧបាសិកា ទន់ ធី ត្រូវជាជីដូនក្មេករបស់ ឯកឧត្តមប្រធាន ដែលបានធ្វើមរណកាលបែកកាយរំលាយក្ខន្ធលាចាកលោកយើងនេះ នាថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២ និង ១៨នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»

មរណភាពរបស់ មហាឧបាសិកា គឺជាការបាត់បង់មួយដ៏ធំធេងដែលមិនអាចយកអ្វីមកប្រៀបផ្ទឹមបាន ហើយក៏ជាការបាត់បង់នូវម្លប់ដ៏ត្រជាក់សម្រាប់បុត្រាបុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់ និងញាតិមិត្តជិតឆ្ងាយទាំងអស់។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាមួយឯកឧត្តមប្រធាន និងលោកជំទាវ ចំពោះការបាត់បង់ជីដូនជាទីគោរពស្រលាញ់ដោយក្តីក្តុកក្តួលជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ទន់ ធី សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ៕