(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំអភិបាលរងខណ្ឌ ប្រធានការិយាល័យ ចៅសង្កាត់ មេភូមិ និងអនុភូមិថ្នល់បន្ទាយ មន្ត្រីសាលាខណ្ឌ បានបន្តនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មកចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៦៥គ្រួសារ ស្ថិតក្នុងភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

លោក ធឹម សំអាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ច ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋទីទ័លក្រ ចាស់ជរា ក្មេងកំព្រា និងពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ។

លោកអភិបាលខណ្ឌ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ពីគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសេសការពារពីគ្រុនឈាម និងជំងឺកូវីដ។

ក្នុងមួយគ្រួសារៗ ទទួលបានអំណោយរួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកសុីអុីវ, ត្រីខ, ទឹកផ្លែឈើ, ជែលលាងដៃ និងថវិកាមួយចំនួនផងដែរ។ ក្រោយពីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋរួចមក លោក ធឹម សំអាន ក៏បានឆ្លៀតចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សនៅសាលា បឋមសិក្សាត្រពាំងអំពិល និងបានឧបត្ថមថវិកាមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗ ជាសិស្សានុសិស្ស៕