(សៀមរាប)៖ ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ តាមការរៀបចំរបស់រាជរដ្ឋាភិបាលនោះ បានចាប់ផ្តើមចូលទៅរៀបចំដី និងសង់លំនៅឋាននៅភូមិធម្មជាតិរុនតាឯកលើដីដែលរាជរដ្ឋាភិបាលផ្តល់ជូនហើយ។

ដើម្បីការពារតំបន់រមណីយដ្ឋានអង្គរឱ្យបន្តស្ថិតនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដាក់ចេញយុទ្ធនាការក្តៅ កាលពីខែសីហាកន្លងទៅ ក្នុងការរៀបចំដីធ្លី ជាពិសេសរុះរើសំណង់មិនរៀបរយ និងខុសច្បាប់នៅរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

ដោយយល់ពីបំណងក្នុងការថែរក្សាកិត្តិនាមតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនោះ ប្រជាពលរដ្ឋតាំងទីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា សុទ្ធតែបានស្ម័គ្រចិត្តក្នុងការរុះរើសំណង់របស់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់សំណងគោលនយោបាយផ្តល់ដីនៅភូមិធម្មជាតិរុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ចម្ងាយប្រមាណជាង ២៥គីឡូម៉ែត្រពីក្រុងសៀមរាប ដោយមួយគ្រួសារបានដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ សម្រាប់សង់លំនៅឋាន និងដាំដុះដំណាំផ្សេងៗ។

ក្រៅតែពីការផ្តល់ដីសម្រាប់សង់លំនៅឋានហើយនោះ សម្តេចតេជោ បានចាត់ចែងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនានា រួមមានផ្លូវ បណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាត ផ្សារ សាលារៀន និងមន្ទីរពេទ្យជាដើម។ សម្តេចតេជោ ក៏បានណែនាំឱ្យកងវិស្វកម្មឈូសឆាយព្រៃ ដើម្បីរៀបចំភូមិឋានរបស់ប្រជាពលរដ្ឋផងដែរ។

គិតត្រឹមដើមខែកញ្ញា មានប្រជាពលរដ្ឋជាង ១ពាន់គ្រួសារហើយ បានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់អង្គរ ហើយមកចាប់យកដីនៅភូមិធម្មជាតិរុនតាឯក។ ប្រជាពលរដ្ឋខ្លះទៀត ក៏បានបែងចែកដីឡូតិ៍របស់ខ្លួនរួចរាល់ហើយផងដែរ។

ប្រជាពលរដ្ឋដែលទទួលបានដីនៅភូមិធម្មជាតិរុនតាឯក សុទ្ធតែបានសម្តែងក្តីរីករាយចំពោះការចាត់ចែង និងរៀបចំរបស់សម្តេចតេជោ លើការរៀបចំភូមិឋានថ្មីរបស់ពួកគេ។ ប្រជាពលរដ្ឋដែលត្រូវបានបែងចែកដីឡូតិ៍រួចរាល់ហើយនោះ បានចាប់ផ្តើមចុះមករៀបចំដីសម្រាប់សង់លំនៅឋាន និងដាំដុះដំណាំផ្សេងៗផងដែរ។

ទន្ទឹមនឹងការរៀបចំភូមិឋាននេះ ប្រជាពលរដ្ឋបានប្រឈមនឹងការលំបាកមួយចំនួនក្នុងការរៀបចំដីភូមិឋានរបស់ពួកកាត់ ដោយសារតែដីព្រៃដែលទើបឈូសឆាយមិនរាបស្មើ ដោយកន្លែងខ្លះខ្ពស់ កន្លែងខ្លះទាប ហើយកន្លែងខ្លះទៀតដក់ទឹកនៅពេលភ្លៀងធ្លាក់ ដោយសារផ្លូវត្រូវបានចាក់ហ៊ុមព័ទ្ធដី។

ជាការដោះស្រាយការបញ្ហានេះ ប្រជាពលរដ្ឋ បានគោរពសំណូមពរសម្តេចតេជោនាយករដ្ឋមន្ត្រី ពិចារណាជួយសម្រួលចាក់ដី ឬក៏អាចឈូសឆាយពង្រាបដី ដើម្បីងាយស្រួលពួកគាត់សាងសង់លំនៅឋាន៕