(តាកែវ)៖ ក្រោយពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានចេញសេចក្ដីជូនដំណឹងស្ដីពីការចរាចរបារីក្លែងក្លាយ ក្លែងបន្លំម៉ាក នៅកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២រួចមក ជាក់ស្ដែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបផលិតផលរំលោភសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការនេះ មន្រ្តីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួនពីរកេសធំ ស្មើនឹង ៩៥៥កញ្ចប់ ដែលបានដាក់តាំងលក់នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះដេប៉ូលក់ទំនិញ។

ក្រោយពីមន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដកហូតរួចហើយ ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំងដែលបានដាក់តាំងលក់ផលិតផលបារីនេះ ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

មន្ត្រីជំនាញ ក.ប.ប. នឹងបន្តចុះត្រួតពិនិត្យតាមទីផ្សារ និងហាង ដេប៉ូលក់ទំនិញបន្ថែមទៀតទូទាំងប្រទេស ដើម្បីបង្ក្រាបការចរាចរណ៍លក់ដូរ ចែកចាយនូវបារីក្លែងក្លាយ និងខុសច្បាប់ ព្រមទាំងទំនិញដែលមិនមានអនុលោមភាព ក្លែងក្លាយ បន្លំប្រភពដើមទំនិញ គ្មានការទទួលស្គាល់ ដែលប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់៕

តំណភ្ជាប់ទៅកាន់ សេចក្តីជូនដំណឹងនៃការទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ: https://www.facebook.com/ccfkh/posts/.