(ឧត្តរមានជ័យ)៖ យានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតក្នុងភូមិអូជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរងនូវការបាក់ស្រុក ដោយសារស្ថានភាពទឹកហូរបុកខ្លាំង នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ។

សមត្ថកិច្ចស្រុកអន្លង់វែង បានបញ្ជាក់ថា ទីតាំងយានដ្ឋាននេះមានម្ចាស់ឈ្មោះ ឡុង ហើយការបាក់ស្រុតនេះដោយសារកម្លាំងទឺកហូរបុកខ្លាំង ប៉ុន្ដែបន្ទាប់ពីហេតុការណ៍បាក់ស្រុតនេះកើតឡើងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ជួយជញ្ជូនទ្រព្យសម្បត្តិចេញ ដើម្បីការពារការបាត់បង់ជាយថាហេតុណាមួយកើតឡើង។

ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់នោះទេ ហើយទ្រព្យសម្បត្តិក៏ពុំមានការបាត់បង់នោះដែរ។ ដើម្បីការពារកុំឲ្យរោងយានដ្ឋានដែលបាក់ស្រុតនេះ ប៉ះពាល់ដល់ផ្ទះ ក្រុមការងារកំពុងញាប់ដៃញាប់ជើង កាត់រោងយានដ្ឋានចេញពីផ្ទះ ចៀសវាងស្រុតខ្លាំងកាច់ដល់ផ្ទះ។

សូមបញ្ជាក់ថា យានដ្ឋានជួសជុលរថយន្តខាងលើ បានសាងសង់ជាប់មាត់ព្រែកក្បែរស្ពាន ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលជួបនូវហេតុការណ៍អ្វីឡើយ។ ដោយសារឆ្នាំនេះទឹកភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ធ្វើឲ្យទឹកនៅទីតាំងខាងលើហូរគួចខ្លាំង បុកចំរោងយានដ្ឋាននេះតែម្ដង៕