(ព្រះសីហនុ)៖ នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចចំណតរថយន្ដ កែងរ៉ារថភ្លើង ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយរថយន្ដកុងទីន័រ ចំនួន៣គ្រឿងបុកបន្ដបន្ទុយគ្នា។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តទាំងបីបានធ្វើដំណើរស្របទិសគ្នា មានទិសដៅពីភ្នំពេញ-ព្រះសីហនុ ពេលមកដល់ចំណុចកើតហេតុ (ស្តុបចំណតរថយន្ដ កែងរារថភ្លើង) ដោយរថយន្តទាំងបីគ្រឿងបើកបរក្នុងស្ថានភាពលឿន ចាប់ហ្វ្រាំងមិនជាប់ ក៏ជ្រុលជាបុកបន្តកន្ទុយគ្នារងការខូចខាតយ៉ាងដំណំ។

បើតាមសមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ខាងលើ ពុំមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ បច្ចុប្បន្នរថយន្តកុងទីន័រទាំង៣ខាងលើ នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានធ្វើការវាស់វែង និងដោះស្រាយតាមនីតិវិធីតាមពេលក្រោយ៕