(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តកំពង់ធំ និងព្រះអង្គគ្រូធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា (ហៅក្ដីដូង) បានរៀបចំទេយ្យទាន និងថវិកាជូនគ្រួសារងាយរងគ្រោះដោយសារទឹកជំនន់ និងគ្រួសារទីទ័លក្រពិតប្រាកដ ចំនួន៥០គ្រួសាត មកពីភូមិចំនួន៤ គឺភូមិក្តីដូង ភូមិស្លែង ភូមិពាមគ្រែង ភូមិអូរសំបួរ និងភូមិត្រពាំងទុង ស្ថិតក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ។

ព្រះអង្គគ្រូធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា (ហៅក្ដីដូង) និងជាព្រះមន្ត្រីសង្ឃស្រុកកំពង់ស្វាយ មានសង្ឃដីកាថា សម្រាប់ទេយ្យទាន និងថវិកាមួយចំនួនទាំងអស់នេះគឺបានមកពីញាតិញោមពុទ្ធបរិស័ទដែលមានសទ្ធាស្រះថ្លាប្រគេនដល់វត្តឌួងសុរិយា (ហៅវត្តក្តីដូង) ចាប់ពីបិណ្ឌទី១ រហូតដល់បុណ្យភ្ជុំបិណ្ឌ។ ហេតុនេះទើបព្រះអង្គ រៀបចំអំណោយជូនលោកយាយ លោកតា ដែលមានជីវភាពខ្វះខាត។

ក្នុងពិធីនេះ លោក ជា វ៉ាន់ចាន់ ក៏បានថ្លែងដែរថា ដោយមានការចង្អុលបង្ហាញពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ តែងតែគិតគូរ និងយកចិត្តទុកដាក់ដល់គ្រួសារដែលងាយរងគ្រោះមួយចំនួន។ ដោយសង្កេតឃើញទុក្ខលំបាករបស់លោកយាយ លោកតា ព្រមទាំងជួបនូវការរងគ្រោះដោយទឹកជំនន់ មានការរាំងស្ទះមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាននោះទេ។ លោកបានក្រើនរំលឹក លោកយាយ លោកតាចូលរួមថែរក្សាសុខភាពអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារជំងឺផ្សេងៗ។

លោកអភិបាលរងខេត្ត បានអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេសបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ ឬថវិកាដើម្បីឧបត្ថម្ភដល់គ្រួសារដែលងាយរងគ្រោះ ពិសេសគឺកុមារកំព្រា និងជនពិការ។ លោកបានណែនាំប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន មេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ព្រោះទឹកកំពុងតែហក់ឡើងខ្លាំង អាចបណ្ដាលឲ្យបាត់បង់ជីវិតដល់មនុស្ស និងសត្វ។

គួរបញ្ជាក់ថា គ្រួសារទីទ័លក្រ និងរងគ្រោះដោយទឹកជំនន់ ចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ទឹកសុទ្ធ ឃីតមួយកញ្ចប់ និងថវិកាមួយចំនួនទៀត៕