(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះក្រុមមួយចំនួន ដែលបានបើកការវាយប្រហារទម្លាក់ប្រជាប្រិយរបស់ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ដែលជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត។ សម្តេចតេជោ បានចាត់ទុកថា ការវាយប្រហារនេះ នឹងធ្វើឱ្យ លោក ហ៊ុន ម៉ាណែត កាន់តែរឹងមាំ ចេះការពារដោយខ្លួនឯង មិនចាំបាច់សម្តេចចូលជួយ។

ការលើកឡើងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឡើង ក្នុងពិធីជួបសំណេះសំណាលជាថ្មី ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជិត៣ពាន់គ្រួសារបន្ថែមទៀត នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន​ បានលើកឡើងអំពីមតិរិះគន់របស់ក្រុមប្រឆាំងមួយចំនួន ដែលថា លោក ហ៊ុន ម៉ាណែត ពុំទាន់មានសមត្ថភាពក្នុងការដឹកនាំ ដោយសម្តេចជឿជាក់ថា ក្រុមទាំងនោះ កំពុងខ្លាចលោក ហ៊ុន ម៉ាណែត។

សម្តេចបញ្ជាក់ដូច្នេះថា៖ «ចុះបើដឹងថា ម៉ាណែត អន់ឯងគួរតែអរទៅ ព្រោះម៉ាណែត នឹងមិនជាប់ឆ្នោតទេ ប៉ុន្តែពួកឯងហ្នឹងខ្លាច និយាយឱ្យច្បាស់ទៅហ្អែងខ្លាច ព្រោះឪវា ហ៊ុន សែន ត្រូវបានប្រជាជនទទួលស្គាល់ មិនត្រឹមតែក្នុងប្រទេសទេ ក្រៅប្រទេសទៀត ​ដល់ពេលតទៅ ហ៊ុន ម៉ាណែត ប្រជាជនគេស្គាល់ទៀត អញ្ចឹងទេពួកអានេះវាខ្លាចទេ បើអ្នកឯងមិនខ្លាចទេ គួរតែបណ្តោយឱ្យ ហ៊ុន ម៉ាណែត ធ្វើទៅ ដើម្បីអ្នកឯងងាយវ៉ៃ»។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត។ ការជាប់ឆ្នោតក្នុងបក្សនេះ បានធ្វើឱ្យមានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។

ទោះជាយ៉ាងនេះក្តី​ មានលេចធ្លោរបស់ លោក ហ៊ុន ម៉ាណែត នាពេលនេះ ក៏បានក្លាយជាប្រធានបទ សម្រាប់ក្រុមប្រឆាំងនៅក្រៅប្រទេស ក្នុងការវាយប្រហារជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះការវាយប្រហារទៅលើ លោក ហ៊ុន ម៉ាណែត បន្តបន្ទាប់នេះ ដោយសម្តេចបញ្ជាក់ថា «អរគុណណាស់ ដែលអ្នកឯងចេះវ៉ៃម៉ាណែត ហេតុអ្វីបានខ្ញុំត្រូវអរគុណ គេវ៉ៃកូនខ្លួនហើយបែរជាអរគុណទៀត? មូលហេតុដែលខ្ញុំអរគុណ គឺ ម៉ាណែត ត្រូវចេះការពារខ្លួនឯង ដោយរបៀបណា កុំចាំឪពុកការពារ អញ្ចឹងខ្ញុំគួរតែថ្លែងការណ៍អរគុណអ្នកដែលវ៉ៃ ហ៊ុន ម៉ាណែត អញ្ចឹងម៉ាណែតឥឡូវចាប់ផ្តើមចេះការពារខ្លួន របៀបការពារខ្លួនរបស់គេយ៉ាងណា គេចេញទ្រឹស្តីរបស់គេយ៉ាងណា ខ្ញុំអរគុណ កុំចាំអត់ពីឪពុកហើយ អត់មានចេះការពារខ្លួន កុំស៊ីកេរឪពុក គឺអត់ទេអត់ឱ្យ ទម្លាប់ខ្ញុំដួលត្រង់ណា អត់មានទៅលើកដៃកូនឱ្យក្រោកឡើង គឺអត់ទេ ប្រឹងក្រោកខ្លួនឯង»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោក ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ ២ដំណាក់ ដើម្បីក្លាយទៅជានាយករដ្ឋមន្ត្រី ដោយក្នុងនោះត្រូវការសន្លឹកឆ្នោតពីពលរដ្ឋដើម្បីក្លាយទៅជាតំណាងរាស្រ្ត ហើយដំណាក់កាលមួយទៀត បើសិនជា លោក ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ធ្វើជានាយករដ្ឋមន្ត្រី គឺត្រូវផ្គូរផ្គងគណៈរដ្ឋមន្ត្រី ដើម្បីទៅសុំការទុកចិត្តពីរដ្ឋសភា។

លោក ហ៊ុន ម៉ាណែត ជាសមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ លោកជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។ លោក បណ្ឌិត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស៕