(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសរក្សាទុកវត្តអារាមទាំង៣៥វត្តដែលមានស្រាប់នៅតំបន់អង្គរឱ្យនៅដដែល ប៉ុន្តែហាមមិនឱ្យកសាងវត្តពុទ្ធសាសនា វិហារឥស្លាម វិហារគ្រិស្ដ ឬទីជំនឿផ្សេងៗនៅតំបន់បេតិកភណ្ឌពិភពលោកនេះបន្ថែមទៀតឡើយ។

ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាជនដែលបានស្ម័គ្រចិត្តរុះរើពីតំបន់រមណីយដ្ឋានអង្គរមករស់នៅភូមិធម្មជាតិរុនតាឯក នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។

គួរជម្រាបថា នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានវត្តអារាមសរុបចំនួន៣៥វត្ត (តំបន់១មាន៨៦ភាគរយ និងតំបន់២មាន១៤ភាគរយ) ក្នុងនោះមានព្រះសង្ឃសរុប៦៩៨អង្គ។

នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសប្រាប់ឱ្យដាច់ស្រឡះថា សម្ដេចតេជោមិនឱ្យរុះរើទីវត្តអារាមនៅក្នុងតំបន់រមណីយដ្ឋានអង្គរទៅកន្លែងផ្សេងនោះឡើយ ពោលគឺសម្ដេចតេជោសម្រេចរក្សាវត្តអារាមដែលបានបង្កើតពីមុនមកហើយនោះឱ្យបន្តនៅដដែល ខណៈវត្តអារាមខ្លះគឺត្រូវបានបង្កើតឡើងរាប់រយឆ្នាំមកហើយ តួយ៉ាងដូចជាវត្តអង្គរខាងជើង និងវត្តអង្គរខាងត្បូងគឺត្រូវបានបង្កើតឡើងតាំងពីសតវត្សទី១៦មកម្ល៉េះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវទៅកាន់ទីអារាមទាំង៣៥វត្តនេះសូមកុំឱ្យសង់បន្ថែមនូវចេតិយ ឬផ្នូរបញ្ចុះសព ពិសេសចំពោះប្រជាពលរដ្ឋទៅពីខាងក្រៅ។ ករណីលើសលែងគឺអនុញ្ញាតសម្រាប់តែព្រះគ្រូចៅអធិការ ព្រះគ្រូសូត្រឆ្វេង/ស្ដាំ ឬព្រះសង្ឃក្នុងវត្តទាំងនោះប៉ុណ្ណោះ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសហាមប្រាមយ៉ាងគត់មត់ គឺមិនឱ្យមានការសាងសង់វត្តអារាមពុទ្ធសាសនា វិហារឥស្លាមសាសនា វិហារគ្រិស្ដសាសនា វិហារចិន ឬអាស្រម ខ្ទមអ្នកតា រូបចម្លាក់ ឬទីជំនឿអ្វីផ្សេងទៀតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀតនោះឡើយ។

ប្រមុខរាជរដ្ឋាភិបាលក៏បានដាក់បទបញ្ជាទៅកាន់អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបត្រូវទទួលខុសត្រូវការងារនេះចំពោះមុខរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះសម្ដេចនាយករដ្ឋមន្ត្រី និងចំពោះរាជរដ្ឋាភិបាល។

សម្ដេចតេជោក៏បានបញ្ជាទៅអភិបាលខេត្តសៀមរាប គណៈបញ្ជាការឯកភាពខេត្ត និងមន្ទីរធម្មការនិងសាសនាខេត្តចូលរួមសហការត្រួតពិនិត្យការងារនេះប្រកបដោយប្រសិទ្ធភាពផងដែរ។

ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់អាជីវករលក់ដូរនៅក្នុងវត្តអារាមត្រូវរៀបចំឱ្យមានអនាម័យ រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរាយក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីបង្កើនសោភ័ណភាព និងភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍៕