(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឲ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងនគរបាលចរាចរណ៍ និងក្រុមការងារត្រួតពិនិត្យ បានល្បាតតាមដានត្រួតពិនិត្យជាប្រចាំចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅលើផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ក្រុមការងារល្បាតត្រួតពិនិត្យចល័ត និងអន្តរាគមន៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងក្រុមការងារប្រចាំការត្រួតពិនិត្យតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព តាមដានត្រួតពិនិត្យការធ្វើដំណើរសាកល្បងរបស់ប្រជាពលរដ្ឋនៅលើផ្លូវល្បឿនលឿន។

នាយកដ្ឋានបានបញ្ជាក់ថា តាមរយៈកាមេរ៉ាសុវត្ថិភាព ក្រុមការងារអន្ដរាគមន៍ បានឃើញម៉ូតូធ្វើដំណើរលើផ្លូវល្បឿនលឿននេះ បានសមត្ថកិច្ចក៏បានឃាត់ដើម្បីអប់រំណែនាំមិន ដោយពន្យល់ថា ផ្លូវល្បឿនលឿននេះមិនតម្រូវឲ្យម៉ូតូមានកម្លាំងក្រោម៦០០cc ធ្វើដំណើរនោះឡើយ ហើយបានស្នើឲ្យគាត់ចាកចេញពីផ្លូវនេះផងដែរ។

បន្ថែមពីនេះ ក្រុមអន្ដរាគមន៍ក៏បានស្ទួចអូសរថយន្ដមួយគ្រឿងដែលមានបញ្ហា ហើយត្រូវការជំនួយអន្ដរាគមន៍ចេញពីលើផ្លូវផងដែរ។ ក្នុងន័យនេះ សូមបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវល្បឿនលឿននេះថា សមត្ថកិច្ចនៅតាមដានជាប់ជាប្រចាំចំពោះការធ្វើដំណើរនេះ ដើម្បីជួយអន្ដរាគមន៍ក្នុងករណីអ្នកដំណើរត្រូវការជំនួយបន្ទាន់ណាមួយ។ ក្នុងករណីត្រូវការជំនួយពលរដ្ឋអាចទំនាក់ទំនងលេខទូរស័ព្ទដែលបានដាក់បង្ហាញ និងផ្សព្វផ្សាយជូនផងដែរ។

សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី​០១​ ខែតុលា​ ឆ្នាំ២០២២នេះ​ បានចាប់ផ្តើមបើកឲ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីព្រឹកនេះហើយ។

ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។

នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្មចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។​ ទីតាំងទាំង៤ រួមមាន៖ ទីតាំងកំពង់ស្ពឺ (គ.ម 40), ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63), ទីតាំងកំពង់សិលា (គ.ម 109) និងទីតាំងព្រៃនប់ខាងលិច (គ.ម 156)។

ផ្លូវល្បឿនលឿននេះ ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖

* គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

* គន្លងផ្លូវសម្រាប់ជែង៖ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លង ផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។

ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ ធម្មតាដដែល។ ក្នុងករណីនេះយានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

* គន្លងផ្លូវសម្រាប់ឈប់បន្ទាន៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្ត សង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន៕