(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកងកម្លាំង មន្ត្រីរាជការ ចុះអប់រំច្បាប់ចរាចរណ៍ ជួបសំណេះសំណាល និងពិនិត្យមើលការបើកបររបស់បងប្អូន ប្រជាពលរដ្ឋដោយផ្ទាល់នៅទីតាំងច្រកចូលទី២ (កំពង់ស្ពឺខាងកើត)។

លោក វ៉ី សំណាង បានថ្លែងទៅកាន់ម្ចាស់រថយន្ត ដែលកំពុងប្រើប្រាស់ផ្លូវល្បឿនលឿនថា ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយនៅលើផ្លូវល្បឿនលឿន បងប្អូនអ្នកបើកបរ ឬជាអ្នកប្រើប្រាស់ផ្លូវ ត្រូវមានការអធ្យាស្រ័យគ្នាជារឿងសំខាន់ក្នុងការបើកបរ (សីលធម៌ក្នុងការបើកបរ)។

អភិបាលខេត្តកំពង់ស្ពឺ បានបន្តថា បើមានការគោរពច្បាប់ចរាចរណ៍ហើយ មានន័យថា បងប្អូនបានការពារអាយុជីវិតយើងផង និងរួមចំណែកការពារអាយុជីវិតអ្នកដទៃផងដែរ ហើយរាល់ការបើកបរលើផ្លូវល្បឿនលឿន មិនដូចគ្នាជាផ្លូវធម្មតានោះទេ ពោលគឺបើយើងធ្វេសប្រហែសតែបន្តិចយើងនឹងជួបគ្រោះថ្នាក់ភ្លាម ដោយតែល្បឿនត្រូវបានកំណត់មិនអាចយឺតពេក ឬលឿនពេក ត្រូវបើកទៅតាមការកំណត់ដោយច្បាប់ចរាចរណ៍។

លោកអភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយកមន្ត្រីនៃកម្ពុជា ប្រាកដណាស់មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ថ្ងៃនេះយើងមានផ្លូវ មានមន្ទីរពេទ្យ មានសាលារៀនល្អៗ ថ្ងៃក្រោយយើងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរដូចប្រទេសនានាដែលមានការរីកចម្រើនផងដែរ។ ដូច្នេះការបើកបរទាមទាឲ្យយើងមានការប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ការពារអាយុជីវិតយើងឲ្យបានគ្រប់ៗគ្នា ខណៈយើងកំពុងកាត់បន្ថយបានយ៉ាងច្រើនក្នុងករណីគ្រោះថ្នាក់លើដងផ្លូវនាឆ្នាំបន្តបន្ទាប់កន្លងមក។

សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២២នេះ បានចាប់ផ្តើមបើកឲ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីព្រឹកនេះហើយ។

ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។

នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្មចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។ ទីតាំងទាំង៤ រួមមាន៖ ទីតាំងកំពង់ស្ពឺ (គ.ម 40), ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63), ទីតាំងកំពង់សិលា (គ.ម 109) និងទីតាំងព្រៃនប់ខាងលិច (គ.ម 156)។

ផ្លូវល្បឿនលឿននេះ ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖

* គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

* គន្លងផ្លូវសម្រាប់ជែង៖ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លង ផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។

ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ ធម្មតាដដែល។ ក្នុងករណីនេះយានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

* គន្លងផ្លូវសម្រាប់ឈប់បន្ទាន៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្ត សង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន៕