(ភ្នំពេញ)៖ លោកស្រី ម៉ៅ លឹមហ៊ន់ អគ្គនាយិកាក្រុមហ៊ុន Darling Skin Care Co.,Ltd នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញមុខបំភ្លឺជុំវិញករណី ដែលអតីតតំណាងចែកចាយរបស់ខ្លួនឈ្មោះ ផល ស្រីណា បានដាក់ពាក្យប្តឹងថាលោកស្រី ថាបានបង្ហោះលើបណ្តាញសង្គមបរិហារបង្កាច់កេរ្ដិ៍ និងញុះញុងឲ្យមានការ រើសអើង ដែលជាហេតុធ្វើឱ្យខូចដល់កិត្តិយសលោកស្រី ក្នុងនាមជាអគ្គនាយិកាក្រុមហ៊ុន។

ជុំវិញករណីនេះលោកស្រី ម៉ៅ លឹមហ៊ន់ បានបញ្ជាក់ឱ្យដឹងថា បញ្ហាជម្លោះដែលបានកើតចេញពីដំបូងឡើង ដោយសារឈ្មោះ ផល ស្រីណា បានធ្វើខុសគោលការ​ក្រុមហ៊ុន ដែលនៅជាតំណាងចែកចាយ ហើយក្រុមហ៊ុនក៏បានដឹង និងចាប់បាន ទើបធ្វើការផ្តាច់មិនឱ្យគាត់លក់បន្តទៀត។ បន្ទាប់ពីនោះលោកស្រី​ក៏បានសរសេរ​សំណេរ​បង្ហោះលើបណ្តាញ Facebook ហើយក៏ត្រូវបានឈ្មោះ ផល ស្រីណា ក៏បានដាក់ពាក្យតាមរយៈមេធាវីហៅទៅបំភ្លឺ និងបានស្នើទារប្រាក់រង្វាន់​លើកទឹកចិត្តចំនួន ៧ពាន់ដុល្លារ។

លោកស្រី ម៉ៅ លឹមហ៊ន់ បានបន្ថែមថា នៅក្នុងជម្លោះនោះដែរឈ្មោះ ផល ស្រីណា ក៏បានដាក់ពាក្យប្តឹងតាមរយៈមេធាវី រឿងទារថ្លៃប្រាក់រង្វាន់លើកទឹកចិត្ត ហើយពាក់ព័ន្ធនឹងករណីនេះក្រុមហ៊ុន Darling Skin Care Co.,Ltd កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ក៏បានធ្វើកិច្ចសន្យាបញ្ចប់វិវាទជាមួយឈ្មោះ ផល ស្រីណា នៅចំពោះមុខមេធាវី ដោយមានអនុវត្តតាមលក្ខខណ្ឌត្រឹមត្រូវ ដែលក្នុងនោះមានប្រការដែលមានអត្តន័យសំខាន់ៗដូចជា៖

ប្រការ២ សិទ្ធិ នឹងកាតព្វកិច្ចរបស់ភាគី (ក)ក្រុមហ៊ុន ដាលីង ស្គីនឃែរ
* ភាគី(ក) យល់ព្រមកែសំណេរដែលបានបង្ហោះកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយបន្ថែមពាក្យ (មិនមានពាក់ព័ន្ធនិងម្ចាស់រូបនេះទេ) ។
* ភាគី(ក) យល់ព្រមប្រគល់ប្រាក់លើកទឹកចិត្តចំនួន 7,000USD (ប្រាំពីរពាន់ដុល្លាអាមេរិក) ជូនភាគី(ខ) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
* ភាគី(ក) យល់ព្រមទិញត្រលប់នៅផលិតផលដើមស្របតាមតម្លៃ និងលក្ខខណ្ឌដូចភាគី(ខ) បានកាត់យកពីស្តុកពីភាគី(ក)ដូចមានយោងក្នុងរូបភាពចំនួន២សន្លឹក ។

ប្រការ៣សិទ្ធិ នឹងកាតព្វកិច្ចរបស់ភាគី(ខ) ផល ស្រីណា
* ភាគី(ខ) យល់ព្រមទទួលប្រាក់លើកទឹកចិត្តចំនួន 7,000USD (ប្រាំពីរពាន់ដុល្លាអាមេរិក) ពីភាគី(ក) ក្នុងថ្ងៃចុះកិច្ចព្រមព្រៀងនេះ ។
* ភាគី(ខ)យល់ព្រមផ្លាស់ប្តូររូបភាព និងឈ្មោះគណនីហ្វេសបុក ដែលពាក់ព័ន្ធនិងក្រុមហ៊ុន Darling Skincare Co.Ltd ដូចខាងក្រោម៖
១.Page ឈ្មោះ ស្រីនាថដាលីងស្គីនឃែ សាខាធំពោធិ៍​សែនជ័យ
២. Page ឈ្មោះ តី តីដាលីន ស្គីនឃែរ
៣.Bio ស្រីនាថ ដាលីន ស្គីនឃែរ (សាខាធំបោះដុំផលិតផលដាលីនស្គីនឃែរពោធិ៏សែនជ័យ) នៃគណនីឈ្មោះ Srey Neath .
៤.គណនី និងPage ផ្សេងៗទៀតដែលពាក់ព័ន្ធ ។
* ភាគី(ខ) នៅតែមានសិទ្ធិលក់ផលិតផលដែលនៅសល់ដោយមិនប្រើប្រាស់គណនី និង Page ដូចមានយោងក្នុងប្រការ៣ ចំណុច២ ខាងលើរហូតដល់អស់ពីស្តុក ។
* ថ្ងៃក្រោយបើមានតំណាងចែកចាយណាដែលកាត់ពីឈ្មោះ ស្រីនាថ មកប្តឹងតវ៉ារឿងប្រាក់រង្វាន់ពីក្រុមហ៊ុន គឺភាគី(ខ)ជាអ្នកទទួលខុសត្រូវ។

លោកស្រី បានបញ្ជាក់ទៀតថា នៅពេលដែលសម្របសម្រួលគ្នានេះ ខាងក្រុមហ៊ុន បានប្រគល់នៅប្រាក់លើកទឹកចិត្តចំនួន 7,000USD ឱ្យទៅឈ្មោះ ផល ស្រីណា និងយល់ព្រមទិញត្រលប់នៅផលិតផលដើម របស់ក្រុមហ៊ុនយកមកវិញតែឈ្មោះ ផល ស្រីណា បានសុំលក់ផលិតផលខាងលើនេះឱ្យអស់ដោយលក់មិនមាន ពាក់ពន្ធ័ប្រើប្រាស់គណនី និង Page ដូចមានយោងក្នុងប្រការ៣ចំណុច២ ខាងលើរហូតអស់ពីស្តុក ។

លោកស្រី ម៉ៅ លឹមហ៊ន់ បានអះអាងទៀតថា ប៉ុន្តែឈ្មោះផល ស្រីណា បែជារំលោភបំពាននៅកិច្ចព្រមព្រៀងបញ្ចប់វិវាទ បានលួចលក់ផលិតផលវីតាមីន គុជខ្យង របស់ក្រុមហ៊ុនលោកស្រី សេរីថ្មី ដែលផលិតផលនោះ នៅពេលដែលធ្វើកិច្ចព្រមព្រៀង និងផ្តិតមេដៃទទួលស្គាល់ផលិតផល ដែលនៅសល់ដែលឈ្មោះ ផល ស្រីណា សុំលក់បន្តឱ្យអស់នោះមិនមាននៅក្នុងបញ្ជីនៃកិច្ចព្រមព្រៀងនោះទេ ។

ជុំវិញបញ្ហានេះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុន ដាលីង ស្គីនឃែរ Darling Skincare Co.Ltd បានប្រកាសតាម Page ដាលីង ស្គីនឃែរ Darling Skincare ពីការ បញ្ឈប់ បញ្ចប់ និងឈប់ផ្គត់ផ្គង់លិតផល និងមិនឱ្យលក់តទៅទៀត ចាប់ពីថ្ងៃជូនដំណឹង។ ប៉ុន្តែឈ្មោះផល ស្រីណា បានប្រើ Page ស្រីនាថ KR សារខាធំ នោះនៅ តែលួចលក់ផលិតផល វីតាមីនគុជខ្យងសេរីថ្មី របស់ក្រុមហ៊ុន ដាលីង ស្គីនឃែរ ជាបន្តបន្ទាប់ទៀត រហូតដល់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២ ទើបលោកស្រី បានធ្វើវីដេអូរ ដើម្បីចែកចាយឱ្យតំណាងទាំងអស់បានដឹង ពីការលួចលក់ផលិតផលរបស់ក្រុមហ៊ុន ដាលីង ស្គីនឃែរ។

លោកស្រី បានអះអាងទៀតថា បន្ទាប់ពីការធ្វើវីដេអូនេះ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានកោះហៅលោកស្រី ចូលទៅឆ្លើយបំភ្លឺ ជុំវិញករណី៖ប្តឹងបរិហាកេរ្តិ៏ និងញុះញុងឲ្យមានការរើសអើង តាមបណ្តឹងរបស់ឈ្មោះ ផល ស្រីណា។ បន្ទាប់ពីទទួលបានដីកាកោះហៅ ដែលទទួលដោយ បុគ្គលិក ក្រុមហ៊ុន Darling Skincare និងក្រោយពីលោកស្រី ជាប់មានរវល់នៅតាមបណ្តាខេត្ត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកស្រីក៏បានដាក់ពាក្យ សុំពន្យាពេលចូល ឆ្លើយនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២វិញ នៅវេលាម៉ោង៩៖០០នាទីព្រឹក។

នាយិកាក្រុមហ៊ុន Darling Skin Care ក៏បានអះអាងទៀតថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងចន្លោះពី ៨៖០០ ទៅ ៨៖៣០នាទីព្រឹក ក្នុងកំឡុងពេលដែល លោកស្រីធ្វើដំណើរទៅបំភ្លឺនៅនាយដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាប់តែមានសមត្ថកិច្ចមកឃាត់ខ្លួននៅតាមផ្លូវដើម្បីនាំខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាហេតុធ្វើឱ្យបាត់បង់កិត្តិយសលោកស្រីយ៉ាងធ្ងន់ធ្ងរ៕