(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ (ស្ពានច្បារអំពៅ) រហូតដល់តំបន់ច្រាំងបាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ និងតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានបញ្ជាក់ឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់​អាជីវករឱ្យបញ្ឈប់ការដាក់តាំងលក់មកលើចិញ្ចើមផ្លូវសាធារណៈ ត្រូវរក្សារចិញ្ចើមផ្លូវដោយទុកឲ្យអ្នកធ្វើដំណើរថ្មើជើងអាចដើរបាន ជាពិសេសកាត់បន្ថយ​ការកកស្ទះចរាចរណ៍។

លោក ហ៊ត គឹមនី បានគូសបញ្ជាក់ថា «ពិតណាស់ថាការចុះរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឱ្យប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋ​ភាគច្រើន មានការសាទរដល់កងកម្លាំងសន្តិសុខ ក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន»

លោក ហ៊ត គឹមនី បានបន្តថា បើយើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋ នោះនឹងទទួលបានការសរសើរមកវិញ ខ្លាចតែយើងមិនបានធ្វើ។ មានមតិភាគតិចណាស់ ដែលគេ​រិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ ដែលគេសរសើ ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន។ ធម្មតាធ្វើអីក៏ខុសដែរអ្នកលក់លើចិញ្ចើមផ្លូវគាត់មិនសប្បាយ នៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើន និងអ្នកដំណើរគាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ ដូច្នេះចាប់ពីពេល​នេះទៅ ត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត ពិសេផ្លូវ៣៦៩នេះ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមបណ្តាផ្លូវនានាក្នុងភូមិសាស្ត្រខណ្ឌ ត្រូវចូលរួមទាំងអស់គ្នា បញ្ឈប់ការយកចិញ្ចើមផ្លូវ​សាធារណៈ​ដាក់តាំងលក់ប្រកករបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាព របៀបរៀបរយក្នុងមូលដ្ឋានខណ្ឌនៃរាជធានីភ្នំពេញ។

បន្ថែមពីនេះលោក ហ៊ត គឹមនី ក៏បានដាក់ចេញនូវផែនការឱ្យកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំ ទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ ជាពិសេសអ្នកលក់លើចិញ្ចើមផ្លូវ៣៦៩ រថយន្តតាក់ស៊ីឈប់ចតនៅលើផ្លូវជាតិលេខ១ ហើយរត់ចាប់ម៉ូយប្រសេចប្រសាចពេញផ្លូវ៕