(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកនាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់ហើយ ដោយឥត​គិតថ្លៃ​​​ក្នុងរយៈពេលមួយខែពេញ ដើម្បីឱ្យប្រជាពលរដ្ឋបានសាកល្បង និងស្វែងយល់ពិភាពងាយស្រួល ក្នុងធ្វើដំណើរនៅលើផ្លូវ​ល្បឿនលឿន ដែលជាផ្លូវខ្សែទី១​​ នៅកម្ពុជា។

ក្រោយពីបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ប្រជាពលរដ្ឋជាច្រើន បានបង្ហាញក្តីរីករាយ និងសាទរយ៉ាងខ្លាំង ជាមួយនឹងការសរសើរ​មិនដាច់ពីមាត់ថា ផ្លូវមួយនេះពិតជាមានភាពស្រស់ស្អាត និងមានភាពងាយស្រួលក្នុងការធ្វើ ចំណេញពេលវេលាបានច្រើន និងកាត់បន្ថយការចំណាយ​ទៅលើថ្លៃ​សាំងរថយន្តបានយ៉ាងច្រើនផងដែរ។

ជាមួយនឹងអារម្មណ៍សប្បាយរីករាយ ក្រោយឃើញថាប្រទេសកម្ពុជា ចាប់ផ្តើមមានផ្លូវដ៏ស្អាត ធំទូលាយ និងផ្តល់ភាពងាយស្រួល​ក្នុងការធ្វើដំណើរ​ និងបន្ទាប់ពីបាន​​ធ្វើដំណើរ​ប្រមាណជាង ១០០គីឡូម៉ែត្រលើផ្លូវល្បឿនលឿរួចមក លោកស្រី ឈុន ហ៊ីម បានលើកឡើងថា «ខ្ញុំយល់ឃើញថាផ្លូវនេះល្អ កាលពីមុនរាងឆ្ងាយ ឥឡូវជិតជាងមុន ខ្ញុំមានអារម្មណ៍រំភើបតែម្តង ក្រោយបានជិះលើផ្លូវនេះ ដែលមានទេសភាពក៏ស្អាត ផ្លូវក៏ស្អាត ជិះបានលឿន និង​មានសុវត្ថិ​ភាពល្អ»

លោកស្រី ឈុន ហ៊ីម បានបន្ថែមថា ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើរនោះទេ ថែមទាំងបានជួយ​កាត់បន្ថយថ្លៃ​សាំង និងចំណេញពេលវេលាបានច្រើនថែមទៀតផង។ លោកស្រីបានអះអាងទៀតថា ទោះបីផ្លូវនេះចាប់ផ្តើមគិតលុយ ក៏នៅតែបន្តជិះនៅលើផ្លូវនេះដែរ។

មិនខុសអីពីលោកស្រី ឈុន ហ៊ីម ក្នុងនាមជាអ្នកបើកបរមួយរូបលោកគ្រូ អ៊ុជ ថារិទ្ធ បានបញ្ជាក់ថា ការធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ពិតជាមានភាពងាយស្រួល ដោយលោកអាចបើកបរក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង ថេររហូត ដែលពិតជាបានផ្តល់ផាសុកភាពសម្រាប់អ្នកបើកបរ ហើយពិតជាផ្តល់ភាពងាយស្រួលយ៉ាង​ខ្លាំង ដោយសារប្រើប្រាស់ពេលវេលាអស់តិច អស់សាំងតិច ហើយនៅតាមដងផ្លូវមានផ្លាកសញ្ញាច្បាស់លាស់ នៅលើផ្លូវមានគន្លងបែងចែងបានត្រឹមត្រូវ ងាយស្រួល​សម្រាប់ការបើកបរផងដែរ។

អ្នកស្រី ជា ចាន់ស្រីល័ក្ខ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយពីបានឃើញផ្លូវល្បឿនលឿន ដ៏ធំទូលាយ និងស្រស់ស្អាត ដែលមិនធ្លាប់មានពីមុនមក និងបានបញ្ជាក់ដែរថានឹងនៅតែបន្តជិះលើផ្លូវនេះ ទោះបីត្រូវចំណាយលុយក៏ដោយ។ ក្រៅពីនេះអ្នកស្រីក៏បានថ្លែងអំណរអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយសាងសង់ផ្លូវបានជាច្រើន និងល្អស្អាត ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ​ធ្វើដំណើរ។

សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេក​ទេស​ដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវ​​ចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលា​ធ្វើដំណើរ​ពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕