(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកលិចផ្លូវលំ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ស្ពានបាក់ស្រុត ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ និងសង្កាត់កំពុងក្របៅ ក្រុងស្ទឹងសែន។

ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពទឹកលិចផ្លូវលំនាពេលនោះលោក ងួន រតនៈ បានឱ្យដឹងថា កន្លងមកនៅខេត្តកំពង់ធំ មានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំ ស្ពាន និងផ្ទះសម្បែងមួយចំនួន នៅតាមបណ្តាស្រុក/ឃុំ ក្នុងខេត្ត មានការជន់លិចដោយជំនន់ទឹកភ្លៀង តែមិនបណ្តាលឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។

លោកអភិបាលខេត្ត បានជំរុញឱ្យមន្រ្តីជំនាញ និងអាជ្ញាធរស្រុកចុះពិនិត្យតាមដានស្ថានភាពទឹកនេះ ដើម្បីអាជ្ញាធរខេត្ត និងស្រុក ដាក់កម្លាំងការពារត្រៀមទូកសម្រាប់ចម្លងប្រជាពលរដ្ឋ ដែលងាយរងគ្រោះថ្នាក់ឲ្យបានទាន់ពេលវេលា។ ម្យ៉ាងទៀត លោកស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកនេះផងដែរ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវបន្តខិតខំត្រៀមបង្ការការពារនូវគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ៕