(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០​១​ ខែតុលា​ ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់​ និង​ជា​អនុប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ក្រគរ​ បានដឹកនាំក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យនៃគ្លីនិកអេចប៊ីប៊ី និងមានការសហការគាំទ្រដោយក្រុមគ្រូពេទ្យ នៃអង្គការ Medic Aid មកពីប្រទេសម៉ាឡេស៊ី ចុះសាកសួរសុខទុក្ខ​ និង​ព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១៥០នាក់ ស្ថិតនៅភូមិផ្សារ​ ឃុំក្បាលត្រាច​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។

ពិធីខាងលើក៏មានការ អញ្ជើញចូលរួមជាពីសំណាក់ លោក​ សុខ សុយ៉ុន អនុរដ្ឋលេខាធិការក្រសួងផែនការ លោក​ រុន​ សារី​ អភិបាលរងខេត្តពោធិ៍សាត់​ លោកអភិបាលស្រុកក្រគរ អជ្ញាធរមូលដ្ឋាន និងសមាជិកគណៈចលនាឥស្លាមខេត្តពោធិ៍សាត់ជាច្រើនរូបទៀត។

លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យខាងលើ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងបង្កើតកម្មវិធីផ្សេងៗ ដើម្បីផ្ដល់នូវការអប់រំសុខភាព និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។

ក្នុងឱកាសនោះ លោកក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលបានផ្ដល់សិទ្ធិដល់សាសនិកឥស្លាមក្នុងការប្រើប្រាស់ឯកសណ្ឋានបែបសាសនា ក្នុងសាលារៀន ទីកន្លែងធ្វើការ ទីសាធារណៈ ថតឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងផ្សេងៗទៀត ដើម្បីឲ្យសាសនិកឥស្លាមបំពេញកាតព្វកិច្ចជាមុស្លិម។

ជាមួយគ្នានោះ លោកក៏បានលើកឡើងពីសុខដុមរមនា នៃកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ប្រទេសជាតិបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា ជាហេតុដែលកម្ពុជា មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេស គម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់នៅកម្ពុជា មានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងគ្រប់ខេត្ត-ក្រុង។

គួរជម្រាបផងដែរថា កម្មវិធីនេះមានរយៈពេល២ថ្ងៃ ដែលរៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យនៃគ្លីនិកអេចប៊ីប៊ីភ្នំពេញ និងដោយមានការគាំទ្រសហការដោយក្រុមគ្រូពេទ្យនៃអង្គការ Medic Aid មកពីប្រទេសម៉ាលេស៊ី ដឹកនាំដោយ វេជ្ជបណ្ឌិត SYARIZ SEHAT ហើយក្នុងរណីដែលមានកុមារ មានជម្ងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដូចជា មានបញ្ហាប្រដាប់ភេទពីកំណើត ជំងឺក្លនលូន ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នឹងធ្វើការរៀបចំអ្នកជំងឺដើម្បីឲ្យទទួលបានការព្យាបាល នៅរាជធានីភ្នំពេញ៕