(ភ្នំពេញ)៖ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជំរុញឲ្យក្រុមការងារគណបក្ស បន្តចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ កាត់បន្ថយភាពអសកម្មនៅមូលដ្ឋាន​ ផ្តល់ការគោរពស្រឡាញ់ និងបង្កើនភាពស្និទ្ធស្នាលដល់ប្រជាពលរដ្ឋ និងសមាជិកគណបក្សគ្រប់ជាន់ថ្នាក់។

ការជំរុញបែបនេះ របស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជួបសំណេះសំណាល ពិសារអាហារសាមគ្គី និងប្រគល់លិខិតថ្លែងអំណរគុណ​ ជូនដល់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងសង្កាត់ទាំង៥ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក្រុមការងារ និងសមាជិកគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងបែងពលីគ្រប់បែបយ៉ាង និងគាំទ្រដល់សកម្មភាពនានារបស់គណបក្សនៅតាមមូលដ្ឋាន ក្នុងបុព្វហេតុដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ក៏ដូចជាបានបង្កើតឱ្យមានសមិទ្ធផលយ៉ាងធំធេងជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន និងសម្រាប់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។ ការលះបង់របស់បងប្អូនបានជួយឱ្យយើងទាំងអស់សម្រេចបាននូវគោលដៅតាមបំណងប្រាថ្នា។

ជាមួយគ្នានេះ លោកបានណែនាំឲ្យក្រុមការងារគណបក្ស ត្រូវបន្តប្តូរឥរិយាបទ បន្ទាបខ្លួន និងហ៊ានទទួល យកនូវការតិះទៀនទាំងឡាយពីប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវបន្តកែលំអររាល់ទង្វើអវិជ្ជមាន និងយកចិត្តទុកដាក់ បន្ថែមចំពោះទុក្ខធុរៈ របស់ប្រជាពលរដ្ឋ សមាជិកបក្ស និងក្រុមគ្រួសារបក្ស ដើម្បីទាក់ទាញការគាំទ្រ និងការទទួលជោគជ័យសម្រាប់ការបោះឆ្នោតនាពេលខាងមុខ៕