(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងផ្តាំផ្ញើ ទៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរ កុំចង់ងឿកតថ្លៃសំណងជាមួយរាជរដ្ឋាភិបាលឲ្យសោះ។ ការផ្តាំរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរ ដែលមិនទាន់បានចាកចេញ ទទួលការឃោសនាថា ដីនោះនឹងត្រូវយកលក់ឲ្យឯកជន ហើយពួកគាត់នឹងបានសំណងកាន់តែច្រើន។
ថ្លែងនៅក្នុងកម្មវិធីចែកសញ្ញាបត្ររបស់វិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នករស់នៅតំបន់រមណីយអង្គរទៀតថា ចំណាត់ការរបស់រាជរដ្ឋាភិបាលពេលនេះ ធ្វើឡើងមិនថមថយនោះទេ។ សម្តេចតេជោ បានបន្តថា បើដល់ពេលវេលា អ្នករស់នៅទីនោះមិនចាកចេញទៀត សំណង ១សេនក៏មិនទទួលបានឡើយ ព្រោះពួកគាត់រស់នៅទីនោះ សុទ្ធតែមិនមានបណ្ណសម្គាល់កម្មសិទ្ធិឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «មានសាច់ញាតិម្នាក់ ដែលមានសាច់ញាតិនៅតំបន់អង្គរ បានវាយសារមកប្រាប់ខ្ញុំ តាំងពីខ្ញុំមុនទៅសៀមរាប។ អញ្ចឹង លើកទីមួយកុំប្រគល់ ក្រែងគេឃោសនាថា រដ្ឋបាលនឹងយកដីហ្នឹងទៅលក់ឲ្យឯកជន។ លើកទី២ បន្តទៀតគេថា សុំទុកសិន ដើម្បីតថ្លៃឲ្យបានដីធំជាងហ្នឹង ដើម្បីបានសំណងឲ្យច្រើនជាងហ្នឹង។ ខ្ញុំសូមជម្រាបជូនថា ពេលនេះជាពេលដែលរាជរដ្ឋាភិបាលធ្វើការថ្នាក់ថ្នម អង្វរកបងប្អូនឲ្យចាកចេញ។ ខ្ញុំទៅជួបផ្ទាល់ ជិត ៤ពាន់គ្រួសារ ប៉ុន្តែនៅពេលវេលាមកដល់ ១សេន ក៏មិនឲ្យដែរ ហើយបញ្ជូនចេញ ពីតំបន់ហ្នឹងតែម្តង សូមផ្តាំទៅឲ្យហើយ»។
រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី នៅរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។
ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «បើដល់ពេលវេលាមួយហើយ មិនឲ្យអង្គរវត្តត្រូវបានគេដកចេញពីបេតិកភណ្ឌពិភពលោកទេ ច្បាស់ជាដកគ្រួសារហ្នឹងចេញហើយ។ កុំគិតថា ថ្ងៃក្រោយអាចតថ្លៃបានដីធំជាងហ្នឹង ឬបានចំណងច្រើនជាងហ្នឹង អត់មានទេ។ ដីអ្នកទាំងអស់គ្នា អត់មានកម្មសិទ្ធិទេ»។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្រតិបត្តិការរក្សារមណីយដ្ឋានអង្គរជាសម្បត្តិមនុស្សជាតិលើពិភពលោកសម្រេចបានការវាស់វែង និងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ក្នុងតំបន់រមណីយដ្ឋានអង្គរស្ថិតនៅ ១១៤ភូមិ, ២៤ឃុំ/សង្កាត់ និង ៥ក្រុង/ស្រុក ស្មើនឹង ៩៧,៨៥៥ក្បាលដី ទំហំ ២៩,១៧៤ហិកតា។
ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា បានចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ទៅតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកសរុប ៣,៨៦៨គ្រួសារ។ ប្រជាពលរដ្ឋស្ម័គ្រចិត្ត និងបានរុះរើតូប រោង កញ្ចុះ និងផ្ទះសាងសង់ខុសច្បាប់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរបានប្រមាណ ៤០០តូប។
ទន្ទឹមនឹងការងារវាស់វែង និងស្រង់ទិន្នន័យក្បាលដីនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាហើយនោះ ក្រុមការងារក៏បានប្រឹងប្រែងសម្រេចការងារបែងចែកដីឡូតិ៍ ការឈូសឆាយដី និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅភូមិធម្មជាតិរុនតាឯកកន្លែងដែលពលរដ្ឋត្រូវផ្លាស់ទីទៅរស់នៅផងដែរ។ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋលើភូមិធម្មជាតិរុនតាឯក សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឱ្យរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារ បណ្តាញអ៉ីនធើណេតជាដើម។ សម្តេចតេជោ ក៏បានសម្រេចផ្តល់ដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ផ្តល់បណ្ណក្រីក្រ បណ្ណស្ត្រីមានផ្ទៃពោះ ផ្តល់ដីពេលបំបែកគ្រួសារ ឧបត្ថម្ភថវិកា ១លាន ៤០ម៉ឺនរៀល ស្បៀងអាហារមួយចំនួនធំ និងស័ង្កសីសម្រាប់ធ្វើផ្ទះចំនួន ៣០សន្លឹកក្នុងមួយគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តមករស់នៅភូមិរុនតាឯក បានបង្ហាញការប្តេជ្ញាចិត្តប្រែក្លាយភូមិរុនតាឯកពីតំបន់ព្រៃទៅជាតំបន់អភិវឌ្ឍន៍ និងមានបំណងធ្វើឱ្យភូមិរុនតាឯកទៅជាកូនក្រុងថែមទៀតផង។
សូមជម្រាបថា អង្គការយូណេស្កូ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ។ ការកោតសរសើរ បានធ្វើឡើងតាមរយៈលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតទទួលជួបដើម្បីពិភាក្សាការងារ ជាពិសេសផ្ដោតទៅលើវឌ្ឍនភាពការងាររួមគ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២៕