(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក ស្តេហ្វេន អេនតុន មេសសេរឺ ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ជំនួសលោក Christian Berger ដែលចប់អាណត្តិ។ លោក ស្តេហ្វេន អេនតុន មេសសេរឺ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ។

ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរនោះ លោកឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់រូបនេះ បានអញ្ជើញចូលជួបថ្នាក់ដឹកនាំនៅតាមស្ថាប័នកំពូលៗរបស់ជាតិ ក៏ដូចជាតាមក្រសួងស្ថាប័ននានាផងដែរ។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់កាន់តែល្អប្រសើរ។

អាល្លឺម៉ង់ គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជាក្រោយងើបចេញពីភ្លើងសង្គ្រាម។ រយៈពេលប្រមាណ ២៨ឆ្នាំមកនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍន៍ជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរនៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ១ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់ បានផ្តល់ជំនួយឥតសំណងប្រមាណ ៦៧០លានដុល្លារ ស្មើនឹងប្រមាណ ២.៦ភាគរយ នៃទំហំជំនួយទាំងអស់ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា។

អាល្លឺម៉ង់ ក៏ជាដៃគូយូរអង្វែង និងជាម្ចាស់ជំនួយដ៏សំខាន់មួយលើការងារបោសសំអាតមីននៅកម្ពុជា។ ក្នុងនោះប្រទេសអាល្លឺម៉ង់ បានរួមចំណែករាប់លានដុល្លារដល់អង្គការ Halo Trust ក្នុងការងារបោសសម្អាតមីន ជារៀងរាល់ឆ្នាំរយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានសន្យាបន្តគាំទ្រអង្គការ Halo Trust រហូតដល់ឆ្នាំ២០២៤៕