(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន ហ៊ុយថាំង បានដាក់សំណើពាក់ព័ន្ធការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនចំនួន៥ចំណុច ទៅកាន់រដ្ឋមន្ត្រីដឹកជញ្ជូនរបស់កម្ពុជា ដើម្បីសម្រួលការដឹកជញ្ជូនរវាងប្រទេសទាំងពីរ។

សំណើរបស់ឯកអគ្គរដ្ឋទូតវៀតណាម បានធ្វើឡើងក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សការងារជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

សំណើទាំង៥ចំណុចនោះរួមមាន៖ (១) ពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់ (MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០០គ្រឿង ទៅ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នាដើមខែវិច្ឆិកាខាងមុខ, (២) ជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ, (៣) ជំរុញឱ្យមានការសិក្សាលទ្ធភាពលើការសាងសង់ផ្លូវដែកត្រង់តភ្ជាប់ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ, (៤) ការជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បីកាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមានការកកស្ទះ និង (៥) ជំរុញឱ្យមានការតភ្ជាប់វិស័យ គមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេសជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ចំណុចដែលស្នើដោយឯកអគ្គរដ្ឋទូតវៀតណាម ខាងលើ គឺសុទ្ធតែជាចំណុចគន្លឹះល្អៗ ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេសលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុង ការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។

ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន លោកទេសរដ្ឋមន្ត្រី បានជម្រាបទៅឯកអគ្គរដ្ឋទូតវៀតណាមថា ក្រសួងបានចុះអនុស្សរណៈយោគយល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួចរាល់ហើយ ហើយគ្រោងនឹងចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ។

លោកទេសរដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងរួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលជាមួយគ្នាតែម្តង។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីគម្រោងសិក្សាលទ្ធភាពពង្រីក ផ្លូវនៅច្រកទ្វាព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ដែលសព្វថ្ងៃកំពុងជួបប្រទះបញ្ហាការកកស្ទះចរាចរណ៍។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀប ក្រសួងនឹងរៀបចំការដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញ ជិញ នាយករដ្ឋវៀតណាមនាពេលខាងមុខនេះ៕