(ទីក្រុងពូនេ)៖ លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង តំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំចំនួន០៥រូប រួមមាន៖ លោកយឹង ហាក់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ លោកទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោកហួ រី ព្រឹទ្ធបុរសរងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោកឡា សុផា ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ និងលោកឯម ដារ៉ា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ទៅចូលរួមកិច្ចប្រជុំគម្រោង និងទស្សនកិច្ចសិក្សាលើកទី២ ចាប់ពីថ្ងៃទី១០ ដល់១៧ ខែតុលា ឆ្នាំ២០២២នៅមហាវិទ្យាល័យនីតិសាស្រ្តស៊ីមបៃអូស៊ីសនៃសាកលវិទ្យាល័យ DEEMED ទីក្រុងពូនេ រដ្ឋមហារាស្រ្ត ប្រទេសឥណ្ឌា។
ទស្សនកិច្ចសិក្សារបស់គម្រោងសហគមន៍អឺរ៉ុបដែលមានឈ្មោះថា «គម្រោងជំនាញបង្រៀននៅសតវត្សរ៍ទី២១(21st Teach Skills)» មានគោលបំណងស្វែងយល់ និងចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធន៍ទាក់ទងនឹងវិធីសាស្រ្តបង្រៀន និងការរៀបចំកម្មវិធីសិក្សារបស់សាកលវិទ្យាល័យដៃគូនៅក្នុងគម្រោង ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាឥណ្ឌា។ ជំនាញសតវត្សរ៍ទី២១ នេះមានជំនាញសំខាន់ៗដូចជា ជំនាញដោះស្រាយបញ្ហាប្រកបដោយកិច្ចសហការ ជំនាញរិៈគិតស៊ីជម្រៅ ជំនាញបរិវត្តកម្មឌីជីថល និងជំនាញវាយតម្លៃការរៀន និងបង្រៀននៅសតវត្សរ៍ទី២១ ជា ដើម។ សាកលវិទ្យាល័យជាតិបាត់ដំបងបានបញ្ជូលជំនាញទាំងនេះទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពអប់រំរបស់និស្សិត ស្របតាមផែនការយុទ្ធសាស្រ្តជាតិរ បស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងជំនាញបង្រៀនសតវត្សរ៍ទី២១នេះ មានគោលបំណងសំខាន់ៗចំនួន៦រួមមាន៖
* កែលម្អគុណភាពឧត្តមសិក្សា និងការរៀនសូត្រពេញមួយជីវិត
* លើកកម្ពស់គុណភាពអប់រំសម្រាប់ឱកាសទីផ្សារការងារ
* កែលម្អកម្រិតសមត្ថភាព និងជំនាញនៅគ្រឹះស្ថានឧត្តមសិក្សា
* លើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងអន្តរជាតូបនីយកម្មនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា
* ជំរុញកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យអឺរ៉ុបដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សាក្នុងប្រព័ន្ធអប់រំឧត្តមសិក្សា
* លើកស្ទួយទំនាក់ទំនងអន្តរបុគ្គល និងការយល់ដឹងពីអន្តរវប្បធម៌។
សូមបញ្ជាក់ថា គម្រោងនេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការដើម្បីនវានុវត្តន៍ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍នៃការកសាងសមត្ថភាពនៅក្នុងវិស័យឧត្តមសិក្សា ដោយបានទទួលការការគាំទ្រហិរញ្ញវត្ថុពីសហគមន៍អ៊ឺរ៉ុប ដែលមានដៃគូចំនួន៦ប្រទេសរួមមានប្រទេសក្រិក (សាកលវិទ្យាល័យអៃអូនីណា) ប្រទេសលីទុយអានី (សាកលវិទ្យាល័យក្លៃប៉េដា) ប្រទេសលុចសំបួរ (ក្រុមហ៊ុនណូវិនគ្រុប) ប្រទេសកម្ពុជា (សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ប្រទេសចិន (សាកលវិទ្យាល័យសៅវិស និងសាកលវិទ្យាល័យសិនហ្សិន) និងប្រទេសឥណ្ឌា(សាកលវិទ្យាល័យអន្តរជាតិស៊ីមប៊ីស៊ីស និងសាកលវិទ្យាល័យបាណាសថាលីវិទ្យាពិត)៕