(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដល់ប្រជាពលរដ្ឋខេត្តកំពង់ធំថា សម្តេចនឹងបន្តទៅកាន់ខេត្តមួយនេះ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីចែកពូជស្រូវ និងស្បៀងដល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «សូមបញ្ជាក់ទៅបងប្អូន នៅខេត្តកំពង់ធំ ឱ្យបានជ្រាបថា ថាខ្ញុំនឹងទៅកាន់ខេត្តកំពង់ធំ នៅថ្ងៃទី២៩ (តុលា) ថ្ងៃទី២៦ ខ្ញុំជាប់បេសកកម្មក្នុងខេត្តកំពង់ឆ្នាំងសិន»

សម្តេចបានអះអាងថា នៅសប្តាហ៍ក្រោយនេះ សម្តេចមានកម្មវិធីដ៏មមាញឹក ក្នុងនោះ សម្តេចត្រូវចូលរួមប្រជុំតាមអនឡាញ នៅថ្ងៃទី២៧ ខែតុលា ហើយថ្ងៃទី២៨ សម្តេចនឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ហើយថ្ងៃទី២៩ សម្តេចនឹងបន្តទៅកំពង់ធំ ដើម្បីចែកស្រូវពូជផង និងចែកស្បៀងអាហារផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសចំណាយពេល ៥ថ្ងៃ៤យប់ នៅតាមខេត្តពាយព្យប្រទេស ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ៕