(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេនោះ សម្ដេចនឹងជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ជនរួមជាតិ អំពីការបញ្ចប់បេសកកម្មជួយប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងវគ្គទីមួយ កាលពីម្សិលមុិញ ប៉ុន្តែសម្ដេចក៏បានបង្ហាញអំពីកិច្ចការមមាញឹកមួយចំនួនទៀតផងដែរ។

សម្ដេចតេជោហ៊ុនសែនបានលើកឡើងដូច្នេះថា៖ «ការងារទាក់ទងនឹងការប្រជុំអាស៊ាន ក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២ បូកជាមួយនឹងការចូលរួមប្រជុំ G20 និងការចូលរួមប្រជុំ APEC ត្រូវបានដោះស្រាយ មួយភាគធំ។ ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ»

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕