(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាលើកចុងក្រោយ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភ័ណភាពបរិស្ថាន របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័មួយចំនួនទៀត ចាប់ផ្តើមធ្វើពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានថ្លែងថា កិច្ចប្រជុំកន្លងមកមកអនុវត្តឱ្យទទួលបានជោគជ័យលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អសម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលោកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ពន្ធ័ នាពេលដ៏ខ្លីខាងមុខនេះឱ្យបានជោគជ័យជាដាច់ខាត ដូចយើងធ្លាប់បានទទួលជោគជ័យរួចមកហើយ កាលពីកម្ពុជាធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំ២០១២ រួចមកហើយ។

លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ពិនិត្យមើលទីតាំងអាជីវកម្ម ណាដែលអាចបង្កឱ្យមានហានីភ័យ ក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីជូនដំណឹងឱ្យពួកគាត់ ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិន អំឡុងកិច្ចប្រជុំអាស៊ាននេះព្រោះនេះជាមុខមាត់ និងជាកិត្តិយសប្រទេសជាតិយើងធំធេងណាស់។

លោក ឃួង ស្រេង បានលើកឡើងថា ដងវិថីសំខាន់ៗ ដែលប្រតិភូត្រូវ ធ្វើដំណើរឆ្លងកាត់ ពិសេសមហាវិថីសហពន្ធ័រុស្ស៉ី រាល់ស្ថានីយ៍ប្រេងឥន្ទនៈ ទីតាំងលក់រថយន្ត, ការដ្ឋានសំណង់ខ្ពស់ៗផ្សេងៗ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន, ទីតាំង KTV, ក្លឹបកំសាន្ត ទីតាំងផ្ញើម៉ូតូ ឡាន ឬចតតាមចិញ្ចើមថ្នល់ ត្រូវបានហាមមិនឱ្យមានឡើយ។ ចំណែកសណ្តាប់ធ្នាប់តាមដងទន្លេមានដាយត្រី, បែរត្រី, កប៉ាល់ កាណូតទេសចរណ៍ ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការបើកបរឆ្លងកាត់ ឬបង្កឱ្យបាត់សណ្តាប់ធ្នាប់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអា ស៊ាននេះដែរ។ ចំពោះភ្ញៀវដែលមកស្នាក់នៅតាមសណ្ឋាគារ, ផ្ទះសំណាក់ម្ចាស់ទី តាំងត្រូវផ្តល់កិច្ចសហការឱ្យបានច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែន ដីតាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួនរួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ក៏ដូចជាការតវ៉ាផ្សេងៗ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត។

លោក ឃួង ស្រេង បានញ្ជាក់ថា៖ «យើងបន្តរួមគ្នាធ្វើការងារដែលនៅសេសសល់ ពិសេសការការពារ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អបំផុត ដោយសហការជាមួយកម្លាំងថ្នាក់ជាតិគ្រប់ជំនាញ»

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះនឹងចាប់ដំណើរការ ពីថ្ងៃទី១០ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៨ ប្រទេស រួមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតចូលរួមព្រមទាំងដៃគូសន្ទនាជាច្រើនទៀត។

ជាមួយគ្នានេះដែរ លោក ឃួង ស្រេង ក៏បានអំពាវនាវឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទៅលើការរួមចំណែក ទុកដាក់សំរាម កាកសំណល់ផ្សេងៗឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមលំនៅដ្ឋានរៀងៗខ្លួន រួមទាំងការដោតទង់ជាតិឱ្យបានគ្រប់លំនៅដ្ឋានផងដែរ។