(ភ្នំពេញ)៖ អាស៊ាន ដែលមានកម្ពុជាធ្វើជាប្រធានប្តូរវេន ក្នុងឆ្នាំ២០២២នេះ បានសម្រេចទទួលយកប្រទេសអ៊ុយក្រែន និងអេស្ប៉ាញ ឲ្យក្លាយជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC)។

បើយោងតាមកាលវិភាគនៃប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានរំពឹងថា អញ្ជើញធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិក TAC ដោយអ៊ុយក្រែន និងអេស្ប៉ាញ។

ដំណឹងនេះក៏ត្រូវបានបញ្ជាក់ដោយ លោកបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ សម្រាប់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា «(អាស៊ាន) យើងបើកទ្វារទទួលទាំងអស់ណា ដែលចង់សហការក៏ដូចជាចង់មកតំបន់ ដើម្បីកសាងទំនាក់ទំនង ឬមួយក៏ស្វែងរកឱកាសរីកចម្រើនរួមគ្នា។ ខ្ញុំគិតថា នេះជាចំណុចខ្លាំងរបស់យើង ដែលធ្វើឲ្យអាស៊ានក្លាយជាទីប្រជុំទម្ងន់ នៅក្នុងការរីកចម្រើននៅក្នុងសាកលលោកបច្ចុប្បន្ន»

សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ ហៅកាត់ថា TAC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ និងបង្កប់នូវគោលការណ៍ជាសកលនៃការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងចំណោមរដ្ឋនៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ វាគឺជាវិធានគតិយុត្តិ សម្រាប់ទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងសកលលោក។

បើលោកបណ្ឌិត គង់ ភោគ បានឲ្យដឹងថា ក្រោមភាពជាហត្ថលេខីនៃ TAC ដែលជាជំហានដំបូង នៅពេលខាងមុខរដ្ឋទាំងនោះ ក៏អាចនឹងក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងរហូតដល់ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ានផងដែរ។

សូមជម្រាបថា អំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កន្លងទៅ ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ ក៏បានក្លាយជាសមាជិក TAC ផងដែរ៕