(ភ្នំពេញ)៖ ក្រោយពីបានធ្វើដំណើរមកប្រទេសកម្ពុជា និងបានមើលឃើញនូវការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជាលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញបំណងចង់បង្កើនកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពរឹងមាំជាងមុន និងយូរអង្វែង ជាពិសេសផ្ដោតសំខាន់លើការផ្សារភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជន និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត។

លោកសាស្ត្រាចារ្យ Klaus Schwab បានបង្ហាញបំណងដូចនេះនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំជំនួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូរបស់លោក នៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ។

ពិធីនេះក៏មានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក លុច្ស តារា ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី រួមទាំងមានមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងវិស័យឯកជនមួយចំនួនផងដែរ។

ជំនួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យមានភាពរឹងមាំ និងយូរអង្វែង ជាពិសេសផ្ដោតសំខាន់លើការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត។

នាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយក្នុងការទទួលជួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍លោកសាស្ត្រាចារ្យ Klaus Schwab និងគណៈប្រតិភូ ដែលនេះជាលើកទី១ សម្រាប់លោកសាស្ត្រាចារ្យ Klaus Schwab ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅរកម្ពុជា និងចូលរួមកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានលើកឡើងដែរថា ការអញ្ជើញមកបំពេញទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់លោកសាស្ត្រាចារ្យ Klaus Schwab និងគណៈប្រតិភូ ដើម្បីស្វែងយល់ និងស្គាល់ច្បាស់អំពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក៏ដូចជាឱកាសក្នុងការផ្សព្វផ្សាយលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងបានថ្លែងអំណរគុណដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងតែបានផ្ដល់កិច្ចសហការល្អ និងការគាំទ្រក្នុងការលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដោយបានផ្ដល់ឱ្យកម្ពុជានូវឱកាសទាក់ទាញវិនិយោគិន និងធុរជនមកបណ្ដាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបានជួយលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងនូវការកោតសរសើរ ដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានជួយសម្របសម្រួលឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន នៅឆ្នាំ២០១៧ ប្រកបដោយជោគជ័យ និងបានសម្របសម្រួលផ្តួចផ្តើមបង្កើតនូវគម្រោង Closing the Skills Gap Accelerator Project និងកម្មវិធីផ្សេងៗ ដើម្បីជួយលើកកម្ពស់វិស័យសំខាន់ៗរបស់កម្ពុជា ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើជំនាញផ្សេងៗផងដែរ។

នាឱកាសនោះដែរក្រៅពីការបង្ហាញបំណងចង់បង្កើនកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពរឹងមាំជាងមុន និងយូរអង្វែងថែមទៀត លោកសាស្ត្រាចារ្យ Klaus Schwab បានថ្លែងអំណរគុណដល់គណៈប្រតិភូកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ជាពិសេសការរៀបចំដំណើរបំពេញទស្សនកិច្ច នៅខេត្តសៀមរាប ដើម្បីស្វែងយល់អំពីសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជាផងដែរ៕