(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្ត មានសេចក្តីរីករាយត្រេកអរជាពន់ពេកដែលទទួលបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅលើទឹកដីខេត្តក្រចេះថ្មីមួយបន្ថែមទៀត គឺការសាងសង់ស្ពាន​ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ខេត្តក្រចេះ ខេត្តកំពង់ធំ ដែលជាការផ្ដល់ប្រាក់កម្ចីសាងសង់ពីសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងលិខិតថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តក្រចេះ បានអះអាងថា សមិទ្ធផលនេះ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងទំនាក់ទំនងទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗបានឆាប់រហ័សដែលកាត់បន្ថយការចំណាយ និងពេលវេលា។

ជាពិសេសមិនលំបាកក្នុងការឆ្លងដ ដែលចំណាយថវិកា និងពេលវេលាយូរ ព្រមទាំងមានពេលកំណត់ ហានិភ័យខ្ពស់ ធ្វើឲ្យចំណូលគ្រួសារប្រជាពលរដ្ឋកើនឡើង និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបានលើកកម្ពស់សោភ័ណ្ឌភាព និងមុខមាត់ខេត្តក្រចេះមួយកម្រិតថែមទៀត។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវបីតិសោមនស្សរីករាយយ៉ាងក្រៃលែង និងដ៏ស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាពជូនជាតិ មាតុភូមិ មានទេពកោសល្យដ៏ប៉ិនប្រសប់ និងការទទួលខុសត្រូវខ្ពសំបំផុតចំពោះជោគវាសនាប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំស្ថាប័ននីតិប្រតិបត្តិ ទទួលបានជោគជ័យជាបន្តបន្ទាប់ ទាំងលើឆាកជាតិ អន្តរជាតិ ដោយឈរលើគោលនយោបាយកំណទម្រង់នានាសំដៅពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋក្នុងខេត្តក្រចេះ សូមប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងអាណត្តិបន្តបន្ទាប់ទៀត និងសូមប្តេជ្ញាបន្តគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕