(សៀមរាប)៖ កាលពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហុក វ៉ាន់ធីណា និងលោកស្រី និងក្រុមគ្រួសារ ព្រមទាំងប្រតិភូអមដំណើរ បានចុះសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ ព្រមទាំងមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដោយបាននាំយកនូវសំភារៈ និងថវិកា ដែលបានគៀងគរប្រមូលដោយគោលការណ៍ស្ម័គ្រចិត្ត និងមនុស្សធម៌ពីសប្បុរសជននានា បានប្រាក់សរុប ១៧០,៦០០$ និងប្រាក់រៀល ចំនួន ៥២,៥០០,០០០៛។

លោក ហុក វ៉ាន់ធីណា បានថ្លែងថា ការចុះទៅសួរសុខទុក្ខបងប្អូនកងទ័ពនាពេលនេះ ធ្វើឡើងក្នុងនាមប្រជាពលរដ្ឋសាមញ្ញទូទៅ ពុំមែនក្នុងឋានៈជាប្រធានសាលាដំបូងខេត្តកណ្តាលនោះទេ។ មួយវិញទៀត ចំពោះសំភារៈ និងថវិកាដែលមានខាងលើ ក៏ពុំមែនជាថវិកាផ្ទាល់ខ្លួន ឬក្រុមគ្រួសាររបស់លោកទាំងអស់នោះដែរ ពោលគឺបានមកពីសប្បុរសជននានា ដូចមានជូនភ្ជាប់នៃបញ្ជីរាយនាមសប្បុរសជន។

លោកបានបន្ថែមថា ចំពោះសំភារៈ និងថវិកាទាំងនោះ ត្រូវបានធ្វើការបែងចែកទៅតាមអង្គភាពគោលដៅដូចខាងក្រោម៖

*ទី១៖ យោធភូមិភាគទី៤ មានសំភារៈ (Computer Desktop លើតុ ចំនួន២គ្រឿង, ម៉ាស៊ីនព្រីន២គ្រឿង, អង្ករ១០តោន, ក្រម៉ា២៥០ក្រម៉ា, សារ៉ុង ២៥០សារ៉ុង, ស្រាបៀរកម្ពុជា ២០០កេស (Free), និងថវិកាជាសាច់ប្រាក់សុទ្ធសរុបចំនួន៤០.៩៨៥$ ហើយដែលសរុបទាំងអស់ជាថវិកាស្មើនឹង៥០.០០០$។
*ទី២៖ កងពលធំអន្តរាគមន៍លេខ ២មានសំភារៈ (Laptop ចំនួន១គ្រឿង, អង្ករ ១០តោន, ក្រម៉ា២៥០, សារ៉ុង២៥០, ស្រាបៀរកម្ពុជា ២០០កេស (Free) និងថវិកាជាសាច់ប្រាក់សុទ្ធសរុបចំនួន៤៣.១៣៥$ ហើយដែលសរុបទាំងអស់ជាថវិកាស្មើនឹង៥០.០០០$។
*ទី៣៖ តំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ គឺបានផ្តល់ជូននូវថវិកាចំនួន ២០.០៥៣.៥០០៛។
*ទី៤៖ កងពលតូចថ្មើរជើង លេខ៤១ គឺបានផ្តល់ជូននូវថវិកាចំនួន ៥.២៥០$។
*ទី៥៖ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ប្រគល់ថវិកាចំនួន ១០០.០០០.០០០៛។ សំភារៈ និងថវិកាទាំងអស់ ដែលមានចំនួនដូចខាងលើ គឺបានធ្វើការប្រគល់-ទទួលជូនរួចរាល់អស់ហើយ។

ដោយឡែកចំពោះថវិកាដែលនៅសល់ពីការចាត់ចែងចំណាយខាងលើ លោក ហុក វ៉ាន់ធីណា និងលោកស្រី និងក្រុមគ្រួសារ ព្រមទាំងប្រតិភូអមដំណើរ នឹងយកទៅចាត់ចែងក្នុងកម្មវិធីសប្បុរសធម៌ និងប្រយោជន៍សង្គមជាក់ស្តែងផ្សេងៗទៀតនាពេលខាងមុខ៕