(កោះកុង)៖ លោក ហាក់ ​ឡេង អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បាននាំអំណោយរបស់សប្បុរសជន ដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្តកោះកុង ចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរា ងាយរងគ្រោះ ចំនួន១២០គ្រួសារ រស់នៅក្នុងឃុំថ្មស និងឃុំតានូន ស្រុកបូទុមសាគរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហាក់ ឡេង អភិបាលរងខេត្ត បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយមានការគាំទ្រពីសប្បុរសជនបានឧបត្ថម្ភនៅគ្រឿងឧបភោគបរិភោគពីសប្បុរសជន ជូនដល់រដ្ឋបាលខេត្តកោះកុង ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាងាយរងគ្រោះ ដែលមានការខ្វះខាតក្នុងជីវភាព របស់ប្រជាពលរដ្ឋ ដោយមិនគិតពីសាសនា និងនិន្នការនយោបាយណាមួយឡើយ។

លោក ហាក់ ឡេង បានបន្ថែមថា អំណោយចែកជូនបងប្អូនទាំង១២០គ្រួសារ ដែលងាយរងគ្រោះ បើទោះបីជាអំណោយទាំងនេះ មិនអាចបំពេញតម្រូវការរបស់បងប្អូនមែនតែជាទឹកចិត្ត របស់សប្បុរសជនតែងតែមានទឹកចិត្តសិល្បៈ ចែករំលែកទោះតិចក្តីច្រើនក្តី ក៏សប្បុរសជននៅតែជួយឧបត្ថម្ភជាហូហែរ។

លោកអភិបាលរងរូបនេះ បានបន្តថា ទោះបីលោកស្រីអភិបាលខេត្ត មិនបានអញ្ជើញមកជួបបងប្អូនក៍ពិតមែន ក៏លោកស្រីបានផ្តាំផ្ញើសាកសួរសុខទុក្ខបងប្អូនទាំងអស់គ្នាដែរហើយធ្វើយ៉ាងណាការពារ ចូលរួមទប់ស្កាត់ជំងឺនានា កុំឱ្យកើតមាន ជាពិសេសលោកស្រីសូមឲ្យបងប្អូនអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមមណ្ឌលសុខភាព ដែលនៅជិតបំផុតឱ្យបានគ្រប់ៗគ្នា។

ដើម្បីមានសិទ្ធិក្នុងការបោះឆ្នោតសម្រាប់ឆ្នាំ២០២៣ខាងមុខ ហើយសូមបងប្អូនទាំងអស់ត្រូវទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ត្រូវបញ្ជូនបងប្អូនកូនចៅ ដែលមានអាយុចាប់ពី១៥ឡើងទៅ និងអ្នកដែលផុតកាលបរិច្ឆេទអត្តសញ្ញាណបណ្ណ ទៅធ្វើសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នាដើម្បីសន្តិភាព សេរីភាព សុវត្ថិភាពទាំងប្រជាពលរដ្ឋទាំងប្រទេសជាតិ៕