(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព។

ពេលអញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងដែរថា វិស័យកីឡាពិតជាដើរតួសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតាន តឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាពដែលការណ៍នេះ រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេច បានសុខដុមនីយកម្មក្នុងសង្គមជាតិ ។ ជាងនេះទៀត ព្រឹត្តិការណ៍កីឡាផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កីឡា និងវិស័យផ្សេងៗរួមទាំងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះឡើយ ហើយសម្តេចតេជោ អំពាវនាវជាថ្មីឱ្យជនរួមជាតិ បន្តថែរក្សាសន្តិភាពរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ឆ្នាំ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការ ប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំ ធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ ។

សម្តចតេជោ ហ៊ុន សែន បានសម្ដែងនូវកោតសរសើរចំពោះក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចសហប្រតិបត្តិការល្អ និងការរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១នេះ ដែលការប្រកួតបានចាប់ផ្តើមនៅថ្ងៃទី ១៩ និងត្រូវបញ្ចប់នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២២នេះ។

តាមការបញ្ជាក់ពីសម្តេចតេជោ ហ៊ុន សែន ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់ សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាង សមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ ដែលគិតត្រឹមថ្ងៃទី ២១ ខែ វិច្ឆិកានេះ នៅសល់តែ ១៦៧ ថ្ងៃប៉ុណ្ណោះ៕