(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប។
«នៅក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក ភាគីទាំងពីរកម្ពុជា-អាមេរិក បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ដើម្បីបម្រើឱ្យផលប្រយោជន៍ទៅវិញទៅមក»។ នេះបើតាមការប្រកាសរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ តាមបណ្តាញសង្គមហ្វេសប៊ុក។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក រួមទាំងរដ្ឋមន្ត្រីប្រទេសជាដៃគូអាស៊ាន មួយចំនួនទៀត បានមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ដែលនឹងរៀបចំធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២៕