(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្ត បានទាក់ទាញអ្នកវិនិយោគធំតូច និងបានសាងសង់រោងចក្រ មានចំនួន២៤មូលដ្ឋាន អាចស្រូបយកកម្លាំងពលកម្ម កម្មករ កម្មការនី សរុប៣៦,០៤៧នាក់ ដែលជាចំណែកមួយចូលរួម ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយ លទ្ធផលបឋមផលិតផលក្នុងស្រុកសរុប GDP និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ CPI ខេត្តកំពង់ចាម នៅមន្ទីរផែនការខេត្ត។

លោកបានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណពីរទស្សវត្សកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ អភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនជាលំដាប់។ ជាក់ស្ដែងខេត្តកំពង់ចាម មានហេដ្ឋារចនាសម្ព័ន្ធរូវ័ន្ត មានការរីកចម្រើនដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ សួនច្បារសាធារណៈ វត្តអារាម និង វិស័យឯកជន ជាពិសេសរង្វង់មូលវិមានឯករាជ្យ ដែលជាតំបន់ទេសចរដ៏សំខាន់សម្រាប់ហាត់ប្រាណ និងធ្វើដំណើកម្សាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តកំពង់ចាម បានទាក់ទាញអ្នកវិនិយោគធំតូច បានសាងសង់រោងចក្រមានចំនួន២៤មូលដ្ឋាន ស្ថិតក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ អាចស្រូបយកកម្លាំងពលកម្ម កម្មករ កម្មការនី សរុប៣៦,០៤៧នាក់ ដែលជាចំណែកមួយចូលរួមក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងកំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។

លទ្ធផលគណនេយ្យជាតិសម្រាប់ថ្នាក់ខេត្ត គឺជាឯកសារគន្លឹះដែលជាមូលដ្ឋានសម្រាប់អនុវត្តសកម្មភាពអាទិភាពសំខាន់ៗ ស្របតាមគោលនយោបាយ ដែលមានសន្តិភាពជាមួយនឹងគោលដៅអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត និងជាពិសេសជាងនេះទៅទៀត គឺដើម្បីចូលរួមសម្រេចបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕