(តាកែវ)៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងឲ្យដឹងថា អាជ្ញាធរនឹងរៀបចំកន្លែងផ្ញើកង់ម៉ូតូជូនបេក្ខជន ដែលចូលរួមប្រឡងបាក់ឌុបនៅពេលខាងមុខដោយមិនគិតថ្លៃ ដែលការចំណាយទៅលើការរៀបចំទាំងអស់ គឺលោកជាអ្នកចំណាយដល់កំលាំងដែលយាមកន្លែងផ្ញើកង់ម៉ូតូបេក្ខជនប្រឡង។

លោក អ៊ូច ភា បានថ្លែងថា «ខ្ញុំបានបញ្ជាឲ្យអាជ្ញាធរក្រុងស្រុកដែលមានមណ្ឌលប្រឡងរៀបចំកន្លែងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ហើយខ្ញុំនឹងចំណាយថវិកាជូនដល់កំលាំងដែលយាមប្រចាំការកន្លែងផ្ញើកង់ម៉ូតូ»

លោកអភិបាលខេត្តតាកែវ បានលើកឡើងដែរថា លោកក៏បានបញ្ជាឲ្យអាជ្ញាធពាក់ព័ន្ធចុះទៅធ្វើការណែនាំដល់ម្ចាស់ផ្ទះ សំណាក់ អាហារដ្ឋាន ភោជនីយដ្ឋាននានា សូមកុំដំឡើងថ្លៃនៅក្នុងអំឡុងពេលប្រឡងសញ្ញាបត្រ ទុតិយភូមិខាងមុខ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយរបស់ក្មួយៗសិស្សានុសិស្សដែលមកប្រឡង។

លោកអភិបាលខេត្តតាកែវ ក៏បានណែនាំដល់អាជ្ញាធត្រូវចុះទៅណែនាំ និងធ្វើកិច្ចសន្យាឲ្យផ្អាកដំណើរចំពោះអាជីវកម្មថតចំលង ដែលនៅជិតមណ្ឌលប្រឡងរយៈពេល២ថ្ងៃនៃការប្រឡង និងបានណែនាំដល់មន្ទីរសុខាភិបាល អាជ្ញាធមានសមត្ថកិច្ចត្រូវត្រៀមគ្រូពេទ្យ ថ្នាំសង្កូវ រថយន្តសង្រ្គោះបន្ទាន់ និងត្រៀមកំលាំងការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់នៅថ្ងៃប្រឡងឲ្យបានល្អប្រសើរ។

គួរបញ្ជាក់ថា ដំណើរការប្រឡងបាក់ឌុប ប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ហើយសម្រាប់ខេត្តតាកែវ មានបេក្ខជនចូលរួមប្រឡងចំនួន ៩៥៧១នាក់ ក្នុងនោះបេក្ខជនប្រឡងចំណេះដឹងទូទៅ មានចំនួន៨១៥៩នាក់ និងបេក្ខជនស្វ័យរិនមានចំនួន ១១៦១ នាក់ បេក្ខជនបំពេញវិជ្ជាមានចំនួន១៨៦នាក់ បេក្ខជនបំស្វ័យរិនបំពេញវិជ្ជា មានចំនួន៦៥នាក់។

ចំពោះមណ្ឌលប្រឡងមានចំនួន១៧ មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន១២ មណ្ឌល និងមានបន្ទប់ប្រឡងចំនួន៣៨៩បន្ទប់៕