(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំដល់មន្ទីរ-អង្គភាព​ អាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈរៀបចំផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខ ឲ្យបានល្អ។

ការថ្លែងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត ដែលខិតខំចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តបានយ៉ាងល្អប្រសើរក្នុងប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ កន្លងមក។

លោក ម៉ែន វិបុល បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១៖ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវចុះពិនិត្យទីតាំងស្នាក់នៅរបស់សិស្សដែលមកប្រលងបាក់ឌុបដូចជា ស្នាក់នៅវត្តអារាមជាដើម ជាពិសេសមន្ទីរទេសរណ៍ ត្រូវផ្សព្វផ្សាយណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ កុំមានការតម្លើងថ្លៃជួលខុសពីធម្មតា។

២៖ ត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥។

៣៖ អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២២ ឈានចូលឆ្នាំថ្មី២០២៣ ។

៤៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពិនិត្យចំពោះទីតាំងដែលធ្លាប់មានលេងល្បែងស៉ីសងខុសច្បាប់ដូចភ្លៀងរលឹម ដែលជ្រកក្រោមរូបភាពហាងកាហ្វេ ហាងបាយ និងរូបភាពផ្សេងទៀត។

៥៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

៦៖ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់។

៧៖ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើលការសាងសង់សំណង់អនាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាត និងទីតាំងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ ត្រូវជំរុញ ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវតាមប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចនវត្ថុ មិនអនុញ្ញាតឲ្យលក់ដូរ មុនសុំច្បាប់អាជីវកម្មឡើយ៕