(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យកសិកម្ម បានលើកទឹកចិត្តឱ្យកសិករខ្នាតតូច គួរងាក និងបង្កើនការអនុវត្ត ទៅលើការធ្វើកសិកម្មតាមបែបតាមក្សេត្សបរិស្ថាន ឬកសិអេកូឡូស៊ី ដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត ទទួលបានតម្លៃបន្ថែមសម្រាប់តម្លៃកសិផល និងចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

លោក សុខ សុថា ស្ថាបនិកនិងជានាយកសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (CFAP) និងជាក្រុមប្រឹក្សាភិបាលបណ្តាញ ALiSEA លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងមហាសន្និបាតថ្នាក់ជាតិនៃបណ្ដាញកសិអេកូឡូស៊ី (ALiSEA) ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសាន់វេ។

លោក សុខ សុថា បានលើកឡើងថា ការធ្វើការកសិកម្ម តាមបែបក្សេត្សបរិស្ថាន ឬកសិអេកូឡូស៊ី មានសារៈសំខាន់ណាស់ចំពោះវិស័យកសិកម្ម និងកសិករ ព្រោះបច្ចុប្បន្នកសិករខ្នាតតូច អាចនឹងពិបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសផ្សេងៗជាពិសេសប្រទេសជិតខាង ដែលមានបច្ចេកទេសដាំដុះខ្ពស់ ឬការដាំដុះដោយប្រើប្រាស់សារធាតុគីមី ដែលទទួលបានទិន្នផលខ្ពស់ ប៉ុន្តែការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី នឹងជួយដល់ក្រុមកសិករខ្នាតតូច ដែលពួកគាត់អាចប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងសហគមន៍ ក្នុងការបង្កើនផលិតភាពកសិកម្មរបស់ខ្លួន និងកាត់បន្ថយចំណាយថ្លៃដើម តាមរយៈកាត់បន្ថយការនាំចូលធាតុចូលកសិកម្មពីក្រៅប្រទេស ដែលនឹងធ្វើឱ្យកសិករទទួលបាននូវផលចំណេញពីការធ្វើកសិកម្មរបស់ខ្លួន។

លោកបន្តថា «ធនធានដែលមានស្រាប់នៅក្នុងសហគមន៍ ដូចជាជី យើងដឹងហើយថា ជីដែលនាំចូលពីក្រៅប្រទេសគឺមានតម្លៃថ្លៃ បើសិនជាគាត់អាចផលិតជីសេរីរាង្គបានដោយខ្លួនឯងខ្ញុំគិតថាជាជោគជ័យមួយធំសម្រាប់កសិករ ព្រោះគាត់អាចកាត់បន្ថយការនាំចូលជីមកពីក្រៅ ។ជាមួយគ្នានេះសម្រាប់ពូជវិញ ប្រសិនបើគាត់អាចផលិតបានដោយខ្លួនឯងក៏មានការល្អផងដែរ ដូច្នេះហើយនឹងនាំផលចំណេញដល់កសិករ»

លោកបន្ថែមថា៖ «មែនទែនប្រសិនបើគាត់ដាំតាមក្សេត្របរិស្ថាន ឬកសិអេកូឡូស៊ីនេះ កសិករនឹងទទួលបានតម្លៃបន្ថែមសម្រាប់ផលិតផលកសិកម្មរបស់ពួកគាត់ ដោយសារតែផលិតផលកសិអេកូឡូស៊ីជាផលិតផលដែលមានសុវត្ថិភាព និងធ្វើឱ្យអ្នកហូបចុកនឹងទទួលបាននូវសុខភាពល្អដែលអាចបន្ថយការចំណាយទៅលើជំងឺផ្សេងៗរបស់អ្នកហូបចុកផងដែរ និងចូលរួមចំណែកធ្វើឱ្យវិស័យកសិកម្មមាននិរន្តរភាព។ ជាទូទៅបន្លែដែលដាំដុះមានស្តង់ដារសុវត្ថិភាព ទទួលបានការចាប់អារម្មណ៍ច្រើនពីគ្រួសារដែលមានជីវភាពកម្រិតមធ្យម និងកម្រិតខ្ពស់ ដែលគិតគូរទៅលើបញ្ហាសុខភាព»

លោកបន្ថែមថា បណ្ដាញ ALiSEA ក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានសមាជិកចំនួន ៦០ ស្ថាប័ន មានការចូលរួមពីអង្គការកសិករ ស្ថាប័នរាជរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធមួយចំនួនទៀត នឹងធ្វើការងារសំខាន់មួយចំនួន ដើម្បីជួយដល់កសិករ ដល់ការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី។

បណ្តាញនេះ នឹងចែករំលែកចំណេះដឹងដល់សមាជិកបណ្តាញ និងកសិករ តាមរយៈផ្សព្វផ្សាយ និងបណ្តុះបណ្តាលកសិករពីការធ្វើកសិកម្មបែបកសិអេកូឡូស៊ី ដែលនឹងផ្តល់ប្រយោជន៍ដល់ក្រុមកសិករ ដីធ្វើកសិកម្ម និងផលិតផលដែលអាចនាំទៅលក់នៅក្នុងទីផ្សារ។ ជាមួយគ្នានេះ គម្រោងនេះក៏នឹងផ្តល់នូវជំនួយថវិកាខ្នាតតូចដល់អ្នកអនុវត្ត ដើម្បីជួយបង្កើននូវលទ្ធភាពការធ្វើការកសិកម្ម តាមក្សេត្សបរិស្ថាន ឬកសិកអេកូឡូស៊ីផងដែរ។

លោកបន្ថែមថា បណ្តាញនេះ នឹងជំរុញការធ្វើកសិកម្មអេកូឡូស៊ី ទាំងនៅកម្ពុជា និងនៅក្នុងតំបន់ឱ្យបានច្រើន ដោយសហការជាមួយប្រទេសជិតខាងនៃតំបន់ទន្លេមេគង្គ ដូចជាវៀតណាម ឡាវ ភូមា និងកម្ពុជា៕