(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌដូនពេញ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានលើកជាសំណើ សំណូមពរ ក្នុងវេទិកានេះជូនដល់ថ្នាក់ដឹកនាំជូយដោះស្រាយបញ្ហា និងកង្វល់ទាំងឡាយ ដែលកើតមានក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន។

លោក ម៉ប់ សារិន បានលើកឡើងថា នេះជាការផ្តល់ឲ្យប្រជាពលរដ្ឋបាន លើកជាសំណើ សំណូមពរ ក៏ដូចជាការផ្តល់ព័ត៌មានពីដំណើរការអភិវឌ្ឍមូលដ្ឋាន ជូនប្រជាពលរដ្ឋពីលទ្ធផលដែលសម្រេចបាន ក៏ដូចជាការប្រើប្រាស់ កញ្ចប់ថវិកា គំរោងអភិវឌ្ឍន៍៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីភ្នំពេញ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តង សម្រាប់ខណ្ឌនីមួយៗ ដើម្បីស្វែងយល់ពីតំរូវការអាទិភាព ជាក់ស្តែងរបស់ប្រជាពលរដ្ឋ តែវេទិកាបែបនេះ ត្រូវបានអាក់ខានអស់រយៈពេលជាង២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩។

លោក ម៉ប់ សារិន បានថ្លែងថា ក្រៅពីការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋពីលទ្ធផលដែលសម្រេចបាន ក៏ដូចជាការប្រើប្រាស់ថវិកាដែរនោះ វេទិកានេះក៏បានផ្តល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងពីសំណើ និងសំណូមពរ ក៏ដូចក្តីកង្វល់ផ្សេងៗរបស់ពួកគាត់ ដែលស្នើសុំឲ្យអាជ្ញាធរជួយដោះ ស្រាយជូនតាមចំណុចអាទិភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់បងប្អូន តាមរយៈការប្រាប់ដំណឹងឲ្យអាជ្ញាធរបានដឹង។

លោក សុខ ពេញវុធ បានធ្វើការបកស្រាយរាល់ចំងល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងពីប្រជាពលរដ្ឋ ចំនួន៤នាក់ ដែលជាបញ្ហាអាចដោះស្រាយជូនភ្លាម តាមរយៈអាជ្ញាធរខណ្ឌ សង្កាត់ និងជំនាញចុះទៅពិនិត្យ មើលជាក់ស្តែង។ ការសុំធ្វើប្លង់កម្មសិទ្ធ, ការសុំធ្វើអត្តសញ្ញាណបន៍សញ្ជាតិខ្មែរ ដែលបញ្ហានេះ វាមានការពាក់ពន្ធ័ទៅនឹងបញ្ហាផ្លូវច្បាប់ ដែលយើងត្រូវធ្វើឲ្យបានស្របច្បាប់ និងច្បាស់លាស់ជាមុនសិន។

ជាមួយគ្នានេះ ក៏មានសំណួរ និងសំណើជាលិខិត ដាក់ចូលក្នុងប្រអប់សំបុត្រចំនួន៣០សំបុត្រផងដែរ។ លោកបន្តថា ការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងវេទិការនេះ គឺបានឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងរកវិធីដោះស្រាយរាល់ផលប៉ះពាល់ជូនពិតប្រាកដ៕