(ភ្នំពេញ)៖ កិច្ចប្រជុំថ្នាក់ដឹកនាំ នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឬអាស៊ានផេក (ASEAN-PAC) លើកទី១៨ ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៖ ការពង្រឹងសមត្ថភាពស្ថាប័នប្រឆាំងអំពើពុករលួយ និងកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសអាស៊ាននីមួយៗ និងក្នុងក្របខណ្ឌអាស៊ាន-ផេក» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងជាប្រធានអាស៊ាន-ផេក។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ស្ថាប័នប្រឆាំងអំពើពុករលួយទាំងអស់ក្នុងអាស៊ាន។

ឯកសារសំខាន់ៗ បំផុតរបស់អាស៊ាន-ផេក ចំនួន៣ត្រូវបានពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំអាស៊ាន-ផេកលើកទី១៨ នេះដែលកម្ពុជាធ្វើជាប្រធាន។ ដោយឡែកឯកសារអនុស្សរណៈនៃការយោគយល់គ្នារបស់អាស៊ាន-ផេក (ASEAN-PAC MoU) ដែលជាឯកសារធម្មនុញ្ញ (Charter) នៃអាស៊ាន-ផេក ដែលបានកែសម្រួលដោយស្មារតីឯកច្ឆ័ន ក៏ត្រូវបានចុះហត្ថលេខាពីសំណាក់ស្ថាប័នប្រឆាំងអំពើពុករលួយទាំង១០នៅភ្នំពេញនាពេលនោះដែរ។

ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាទ្វេភាគី (MoU) រវាងកម្ពុជា និងថៃ និងរវាងកម្ពុជា និងមីយ៉ាន់ម៉ា ក៏បានដំណើរការចុះហត្ថលេខានាពេលនោះដែរ។ រីឯឯកសារពីរទៀតដែលបានអនុម័តដែរមានឯកសារគោល (Terms of Reference TOR) ជាឯកសារបញ្ជាក់អំពីរបៀបរបបធ្វើការរបស់អាស៊ាន-ផេក និងឯកសារផែនការសកម្មភាព ៣ ឆ្នាំរបស់អាស៊ាន-ផេក ២០២៣-២០២៥ ដែលជាឯកសាររៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។

មានឯកសារទី៤មួយទៀត ក៏បានយកមកពិភាក្សាគ្នាដែរ គឺឯកសារកូនសៀវភៅអេឡិកត្រូនិកអាស៊ាន-ផេក ASEAN-PAC E-Booklet ដែលផ្ដួចផ្ដើមរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ហើយអាចនឹងទទួលការអនុម័តនៅកិច្ចប្រជុំលើកក្រោយ។ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានរៀបចំជូនគណៈប្រតិភូស្ថាប័នប្រឆាំងអំពើពុករលួយទាំង៩ ប្រទេសទស្សនាសារមន្ទីរជាតិ ព្រះវិហារព្រះកែវមរកត និងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២៕