(ព្រះវិហារ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពីធីប្រគល់ និងទទួលសម្ភារ បរិក្ខាពេទ្យ ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត ខេត្តព្រះវិហារ ជូនដល់មន្ទីរពេទ្យ ១៦មករា និងសំណេះសំណាល ជាមួយបុគ្គលិកសុខាភិបាល នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលក្តីនឹករលឹក និងការគីតគូរអំពីសុខទុក្ខមន្ត្រីរាជការ លោកស្រីក៏បានថ្លែងអំណរគុណដល់បុគ្គលិកសុខាភិបាលទាំងអស់ នៃខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ ជួយថែរក្សា ការពារ និងព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ។

លោកស្រីបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីសុខាភិបាល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការគ្រប់គ្រងបានយ៉ាងល្អ ក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោកស្រីក៏បានថ្លែងអំណរគុណដល់លោកស្រី ហ៊ាង ដារ័ត្ន សួស យ៉ារ៉ា ដែលបានសម្របសម្រួល ក្នុងការរៀបចំកម្មវិធី ដោយបានមានកិច្ចសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ដែលអាចដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យ ជាពិសេសក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ ជាម្ចាស់ជំនួយដែលតែងតែជួយដល់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

លោកស្រីបណ្ឌិត ម៉ែន សំអន ក៏បានលើកទឹកចិត្ដដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ សូមបន្តសកម្មភាពព្យាបាលឲ្យបានត្រឹមត្រូវ ស្របតាមនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារគុណភាព និងត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យខ្ពស់ ដើម្បីជួយថែរក្សាការពារ និងព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ៕