(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាត់ឱ្យលោក កង ប៊ន អនុប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីប្រតិបត្តិសាខា រួមជាមួយក្រុមកាកបាទក្រហមសង្កាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់លោកយាយ ខឹម សារ៉ាត់ អាយុ៨៩ឆ្នាំ អតីតគ្រូបង្រៀនចូលនិត្តន៍មានជំងឺប្រចាំកាយ ចាស់ជរា រស់នៅភូមិនំក្រៀម សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

លោក កង ប៊ន បាននាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយ។ លោកអនុប្រធាន ក៏បានបញ្ជាក់ថា លោក សុខ លូ បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាករបស់លោកយាយ លោក បានសម្តែងនូវក្តីអាណិតអាសូរ ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗ ដើម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង និងនាំយកអំណោយជួយសម្រាលការលំបាកក្នុងការរស់នៅរបស់លោកយាយ។

បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលើនេះ លោកយាយ ខឹម សារ៉ាត់ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលបានគិតគូរ ពីជីវភាពរស់នៅ រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការផងដែរ។

អំណោយរបស់សាខាខេត្តបានផ្ដល់ជូនរួមមាន អង្ករ ២៥គីឡូក្រាម ទឹកបរិសុទ្ធ ២កេស មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត ១ (ភួយ១ មុង១ ក្រមា១) និងថវិកាចំនួន ២០ម៉ឺនរៀលផងដែរ៕