(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំសមាជិក សមាជិកា និងក្រុមមេធាវីស្ម័គ្រចិត្ត របស់គណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា ចុះដាក់ប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែទី១ (ម១) មណ្ឌលអប់រំកែប្រែទី២ (ម២) និងពន្ធនាគារ រាជធានីភ្នំពេញ (PJ)។

លោក កែវ រ៉េមី មានគំនិតផ្តួចផ្តើមក្នុងការរៀបចំប្រអប់បណ្តឹង ដើម្បីដាក់តាមបណ្តាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងពន្ធនាគារក្នុងការលើកកម្ពស់ ការគោរព និងការការពារសិទ្ធិ សេរីភាពរបស់ជនជាប់ឃុំ។

តាមរយៈប្រអប់បណ្តឹងនេះ ជនជាប់ឃុំគ្រប់រូបអាចដាក់ពាក្យបណ្ដឹងតវ៉ារបស់ខ្លួនដោយសម្ងាត់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានាក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តនូវសិទ្ធិ សេរីភាពរបស់ខ្លួនជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពិនិត្យ អង្កេត និងដោះស្រាយ។

ការដាក់ប្រអប់បណ្តឹងចំនួន៣ទីតាំងខាងលើនេះ គឺជាចំណុចចាប់ផ្ដើម និងជាគម្រោងសាកល្បងមុនពេលឈានដល់ការសម្រេចដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅគ្រប់បណ្តាពន្ធនាគារទូទាំងរាជធានី-ខេត្ត។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គនាយកដ្ឋានពន្ធនាគា ក៏ដូចជាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងរាជធានី-ខេត្ត ដែលតែងតែធ្វើការសហការយ៉ាងជិតស្និទ្ធក្នុងការលើកកម្ពស់ ការគោរព និងការការពារសិទ្ធិ សេរីភាពរបស់ជនជាប់ឃុំក៏ដូចជាការពង្រឹងនូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងពន្ធនាគារ៕