(ភ្នំពេញ)៖ ក្នុងជំនួយពិភាក្សាជាមួយប្រតិភូអង្គការ KOICA កូរ៉េ ដឹកនាំដោយលោក Rho Hyun Jun នាយកប្រចាំប្រទេសរបស់នៃទីភ្នាក់ងារ KOICA នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ជំនួយដែលសាធារណៈរដ្ឋកូរ៉េ បានជួយដល់មន្ទីរពេទ្យបង្អែកដង្កោ ខណ្ឌដង្កោ ជាជំនួយដែលរដ្ឋបាលរាជធានីភ្នំពេញចង់បានបំផុត។

លោក ឃួង ស្រេង បានបញ្ជាក់ថា ជំនួយនេះដើម្បីលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា មករកសេវាសុខាភិបាល នៅរាជធានីភ្នំពេញ មានការកើនឡើង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកអភិបាលរាជធានី បានបង្ហាញពីការគាំទ្រពេញទំហឹង នឹងផ្តល់កិច្ចសហការដល់ដំណើរការគម្រោងកែលំអរមន្ទីរពេទ្យបង្អែកជើងឯកនេះ ទៅតាមស្តង់ដារបច្ចេកទេស និងគាំទ្រទៅលើការសាងសង់អាគារ មន្ទីរពេទ្យថ្មី និងគាំទ្រឲ្យមានការសាងសង់កម្ពស់លើសពី៤ជាន់ ទៅតាមតម្រូវការជាក់ស្តែង និងត្រៀមលក្ខណៈសិក្សាទៅលើការឈានទៅ ដាក់មន្ទីរពេទ្យនេះដល់កម្រិតទី៣។

ជាមួយគ្នានេះ លោក Ro Hyun Jun បានលើកឡើងថា KOICA បានដាក់ចេញគម្រោង៣ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ រួមមាន៖ ការសាងសង់អាគារថ្មី, ការបំពាក់ឧបករណ៍បរិក្ខារពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែម ដល់បុគ្គលិកមន្ទីរពេទ្យ។

លោក Ro Hyun Jun បានឲ្យដឹងទៀតថា គម្រោងនេះគ្រោង នឹងចំណាយថវិកា ចំនួន១១លានដុល្លារ។ ភាគី KOICA បានចាប់ អារម្មណ៍លើភាពទាក់ទាញសម្រាប់អ្នកជំងឺមិនចង់ឲ្យពួកគាត់ទៅហួស មកហួស ឬទៅរកតែមន្ទីរពេទ្យធំៗនៅកណ្តាលក្រុង។ ដូច្នេះការបំពាក់បរិក្ខាពេទ្យ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមនឹងក្រុមគ្រូពេទ្យជំនាញ គឺជារឿងចាំបាច់៕