(សៀមរាប)៖ លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាស សាធារណៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តី-ព្រាងយុទ្ធសាស្រ្តស្តីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ  ក្រោមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈ (PFM) នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

សិក្ខាសាលានេះ បានរៀបចំនៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប និងមានការចូលរួមផងដែរពីសំណាក់ប្រតិភូរាជរដ្ឋាភិបាល, ប្រធានអគ្គនាយក, អគ្គនាយក, តំណាងក្រសួង-ស្ថាប័នអាណាព្យាបាល, តំណាងអាជ្ញាធរសវនកម្មជាតិ, ថ្នាក់ដឹកនាំតំណាងនិង មន្រ្តីជំនាញពាក់ព័ន្ធនៃសហគ្រាសសាធារណៈទាំងអស់ ព្រមទាំងសមាជិកក្រុមការងារកែទម្រង់ការគ្រប់ គ្រ ងសហគ្រាសសាធារណៈ ដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធាន និង សមាជិកក្រុមប្រឹក្សា ភិបាលតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,មន្រ្តីត្រួតពិនិត្យ រដ្ឋអមសហគ្រាសសាធារណៈ។

លោកបណ្ឌិត អៀង ស៊ុនលី បានលើកឡើងថា គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីបញ្រ្ជាបជាមុន និងប្រមូលធាតុចូលពីអ្នកចូលរួមទាំងអស់ សម្រាប់កំណត់ទិសដៅ, វិធានការជាយុទ្ធសាស្រ្ត និងផែនការសកម្ម ភាពគន្លឹះៗ សម្រាប់រៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តកែទម្រង់សហគ្រាសសាធារណៈមួយ ដែលមានភាពគ្រប់ជ្រុងជ្រោយនិងអាចយកមកអនុវត្តបានដោយ រលូន, មានប្រសិទ្ធភាព, មានភាពប្រទាក់ក្រឡាគ្នា និងមានសង្គតិភាពជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងអាចនឹងដោះស្រាយបញ្ហាប្រឈមសង្គម-សេដ្ឋកិច្ច។  

លោកបានបន្តថា ការកែទម្រង់សហគ្រាសសាធារណៈ សំដៅធានាបាននូវកិច្ចដំណើរការនៃការប្រព្រឹត្តទៅរបស់សហគ្រា សសាធារណៈប្រកបដោយនិរន្តរភាព, សម្រេចបានគោលដៅអាជីវកម្ម និងទទួលបានប្រាក់ចំណេញនៅក្នុងទីផ្សារប្រកបដោយការប្រកួតប្រជែង ព្រមទាំងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ប្រយោជន៍ និងបម្រើសេចក្តីត្រូវការចាំបាច់ប្រចាំថ្ងៃចំពោះសាធារណជន។

លោក អៀង ស៊ុនលី បានបន្ថែមថា សហគ្រាសសាធារណៈ គឺជាសហគ្រាសដែលមានដើមទុនទាំងអស់ ឬ ភាគច្រើនជារបស់រដ្ឋ មានតួនាទីចូលរួមចំណែកគាំទ្រគោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ការរៀបចំឯកសារយុទ្ធសាស្រ្តនេះ ផ្អែកលើបទពិសោធន៍ និងបញ្ហាប្រឈមប្រមាណ២៦ ឆ្នាំ និងស្របទៅតាមការវិវិឌ្ឍទៅនៃការរីកចម្រើនរបស់កម្ពុជា ព្រមទាំងឧត្តមានុវត្តន៍ជាអន្តរជាតិលើការគ្រប់គ្រងសហគ្រាសសាធារណៈ។

ការរៀបចំយុទ្ធសាស្រ្តស្តីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ត្រូវបាន កំណត់ជាយុទ្ធសាស្រ្តសម្រាប់ការធ្វើកំណែទម្រង់សហគ្រាសសាធារណៈនៅកម្ពុជាឆ្នាំ២០២៣-២០៣០។ យុទ្ធសាស្រ្តនេះ មានចក្ខុវិស័យក្នុងការតម្រង់ទិស និងធ្វើសុខុដុមនីយកម្មលើការគ្រប់គ្រង និងដឹកនាំលើដំណើរការធ្វើអាជីវកម្ម -សេវាកម្មរបស់សហគ្រាសសាធារណៈ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, ច្បាស់លាស់, រក្សាបានអភិបាលកិច្ចផ្ទៃក្នុងល្អ ដើម្បីរួមចំណែកបង្កើតតម្លៃសង្គម, បង្កើនផលិតភាពសេដ្ឋកិច្ច, ជំរុញពិពិធកម្មសេដ្ឋកិច្ច, បង្កើតការងារ និងពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈដល់អ្នកប្រើប្រាស់សេវាកម្មរបស់សហគ្រាសាធារណៈ៕