(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា អដ្ឋិធាតុយុទ្ធជនកម្ពុជា៤៩នាក់ របស់កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលរក្សាទុកនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម ត្រូវបានគាស់ចេញរួចរាល់ហើយ។
នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា សម្រាប់នៅថ្ងៃនេះ ដែលក្រុមការងារបាននិងកំពុងតែលាងសម្អាតអដ្ឋិធាតុយុទ្ធជនកម្ពុជា៤៩នាក់ទាំងនោះ ហាលឱ្យស្ងួត ព្រមទាំងរុំសីមា ដើម្បីដាក់ចូលក្នុងប្រអប់អដ្ឋិធាតុ និងធ្វើការផ្ទេរ-ប្រគល់ ដើម្បីរៀបចំពិធីបូជាតាមប្រពៃណី ព្រះពុទ្ធសាសនារបស់កម្ពុជា។
នាយឧត្តមសេនីយ៍ សៅ សុខា បានយ៉ាងដូច្នេះថា៖ «មកដល់ថ្ងៃម្សិលមិញនេះ ក្រុមការងារគាស់រៀបចំបានចប់សព្វគ្រប់ហើយចាប់ពីថ្ងៃនេះតទៅ គឺការលាងសម្អាតរួចហើយ គឺយើងហាលឱ្យស្ងួត យើងរុំសីមា ដាក់បញ្ចូលទៅក្នុងប្រអប់អដ្ឋិធាតុ ដឹកជញ្ជូន និងការផ្ទេរ-ប្រគល់ ហើយរៀបចំពិធីបូជា តាមប្រពៃណីសាសនា របស់យើង រើសធាតុដាក់ចូលក្នុងកោដ្ឋ ក្រោយការកសាងចេតិយរួច នៅក្នុងខែមេសា យើងនឹងដង្ហែអដ្ឋិធាតុទៅតម្កល់ នៅក្នុងចេតិយជាការស្រេច»។
គួរជម្រាបថា អដ្ឋិធាតុយុទ្ធជនកម្ពុជាទាំងនោះត្រូវបានរក្សាទុកនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម។ ខេត្តដុងណាយនេះ គឺជាប់ខាងកើតទីក្រុងហូជីមិញ (ព្រៃនគរ)។ គេហៅពិធីនេះថា «ពិធីបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលបានធ្វើឡើងព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ក្នុងនាមក្រុមការងារបច្ចេកទេសមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា គណៈកម្មការអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ជូនចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់ចលនាឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ និងដោយផ្ទាល់។
លោកថា «យោធភូមិភាគទី៧ អាជ្ញាធរ និងប្រជាជនវៀតណាមខេត្តដុងណាយ បានផ្តល់ការគាំទ្រជួយឧបត្ថម្ភចែករំលែកក្នុងស្ថានភាពដែលប្រទេសនេះទើបរំដោះខ្លួន ឯកភាពជាតិ និងទឹកដី ដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះជាតិកម្ពុជា តាមសំណូមពររបស់សម្ដេចតេជោ ហ៊ុន សែន កាលនៅជាយុទ្ធជនដូចគ្នា»។
នាយឧត្តមសេនីយ៍បានបន្តថា ជាង៤៤ឆ្នាំបានកន្លងផុតទៅ យុទ្ធមិត្តចំនួន៤៩នាក់ ដែលបានពលី និងមរណៈក្នុងកាលៈទេសៈដ៏លំបាកនោះ គឺបានបញ្ចុះនៅក្នុងខេត្តដុងណាយនេះ ហើយមិត្តវៀតណាម បានប្រមូលផ្តុំរៀបចំ ជាបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដោយបានការយកចិត្តទុកដាក់ផ្តល់ដី ផ្តល់ប័ណ្ណទទួលស្គាល់ពីក្រសួងវប្បធម៌ ដោយទុកតំបន់នោះជាតំបន់ប្រវត្តិសាស្ត្រ។
អាជ្ញាធរដែនដី និងប្រជាជនវៀតណាមខេត្តដុងណាយ និងកងទ័ពវៀតណាម ពិសេសយោធភូមិភាគទី៧ កងពលធំលេខ៣០២ បានយកចិត្តទុកដាក់ថែទាំយ៉ាងល្អ។ ពេលនេះ កម្ពុជាមានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ នៅក្នុងឱកាសកាសប្រារព្ធខួបលើកទី៤៥ នៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្តេចតេជោបានមានប្រសាសន៍ថ្លែងអំណរគុណមិត្តវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់ចលនាតស៊ូបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា និងបានបញ្ជូនកូនចៅ ប្តីសី ក្នុងនាមកងទ័ព និងជំនាញការស្ម័គ្រចិត្តគាំទ្រ ចូលរួមប្រយុទ្ធដោយផ្ទាល់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្រ្គោះអាយុជីវិតប្រជាជន រំដោះមាតុភូមិ ស្តារនិងកសាងឡើងវិញ ប្រទេសកម្ពុជាពីលេខសូន្យរហូតមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ កងទ័ពនិងជំនាញការវៀតណាមរាប់សែននាក់បានពលី ពិការនៅពេញផ្ទៃប្រទេសកម្ពុជា មួយចំនួនស្ថិតក្នុងការរុករកអដ្ឋិធាតុយុទ្ធជនទាំងនោះ ដើម្បីធ្វើមាតុភូមិនិវត្តន៍មកប្រទេសវៀតណាមវិញនៅឡើយ។
ដូចខ្លឹមសារបទចម្រៀងដែលបានពោលថា មាតុភូមិអើយខ្ញុំនឹកអ្នកជានិច្ច ថ្ងៃនេះបងប្អូនទាំង៤៩នាក់នឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ភារកិច្ចឱ្យក្រុមការងារបច្ចេកទេស សហការជាមួយភាគីមិត្តវៀតណាម ដើម្បីនាំបងប្អូនត្រលប់ទៅកាន់មាតុភូមិកំណើតវិញ ដើម្បីបានជួបជុំគ្រួសារ ញ្ញាតិសន្តាន និងជនរួមជាតិរបស់បងប្អូន។
ឆ្លៀតឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណជូនចំពោះក្រុមការងារបច្ចេកទេសនៃក្រសួងការពារប្រទេសវៀតណាម យោធភូមិភាគទី៧ កងពលធំលេខ៣០២ អាជ្ញាធរនិងប្រជាជនខេត្តដុងណាយ ដែលបានផ្តល់នូវការសហការដ៏ល្អសម្រាប់ដំណើរការរៀបចំធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា តាមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំដោយផ្ទាល់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទោះបីអដ្ឋិធាតុយុទ្ធជនទាំង៤៩នាក់បា នធ្វើមាតុភូមិនិវត្តន៍ តែដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រ និងគុណតម្លៃមិត្តភាពវៀតណាម-កម្ពុជា តាមសំណូមពររបស់ភាគីកម្ពុជា មិត្តវៀតណាមនឹងបន្តរៀបចំសិលាចារិក ដោយរក្សាទុកតំបន់នេះជាកេរដំណែលប្រវត្តិសាស្ត្រ ជាភស្ភុតាងនៃសច្ចធម៌ប្រវត្តិសាស្ត្រសម្រាប់អ្នកសិក្សាស្រាវជ្រាវ ទេសចរណ៍ និងជាការរំលឹកចងចាំអំពីមិត្តភាពកម្ពុជា-វៀតណាម។
នាយកឧត្តមសេនីយ៍ សៅ សុខា បានស្នើដល់ក្រុមការងារលោកអាចារ្យខិតខំរៀបចំឱ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងសហការល្អជាមួយភាគីមិត្តវៀតណាម៕