(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី រួអេដា អិល ហាច តំណាងប្រចាំប្រទេស ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា (OHCHR) នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសិក្ខាសាលា ផ្សព្វផ្សាយសេចក្តីអង្កេតសន្និដ្ឋាន នៃរបាយការណ៍តាមកាលកំណត់លើកទី៣របស់ប្រទេសកម្ពុជាស្តីពី កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
សិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្នុងគោលបំណងផ្សព្វផ្សាយ តាមដាន និងជំរុញការអនុវត្តអនុសាសន៍ នៅក្នុងសេចក្ដីអង្កេតសន្និដ្ឋានរបស់គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលជាគណៈកម្មការទទួលបន្ទុកតាមដានការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ របស់រដ្ឋភាគី។
នាឱកាសនោះដែរ លោក កែវ រ៉េមី បានឱ្យដឹងថា កម្ពុជា ជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ាន ដោយបានផ្ដល់សច្ចាប័ន និងចូលជាសមាជិកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោមសន្ធិសញ្ញាសំខាន់ៗចំនួន៩ រួមទាំងពិធីសារបន្ថែមចំនួន៤ទៀតផងដែរ។ បន្ថែមលើនេះកម្ពុជាក៏បានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ព្រមទាំងទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់អ្នករាយការណ៍ពិសេសតាមវិស័យជាបន្ដបន្ទាប់តាមការស្នើសុំផងដែរ។
ត្រង់ចំណុចនេះនេះដែរ លោកថានេះជាកត្តាធំៗទាំងនេះ គឺជាតឹកតាង និងសក្ខីកម្មយ៉ាងរឹងមាំ ដែលឆ្លុះបញ្ចាំងពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក កែវ រ៉េមី បានគូសបញ្ជាក់ថា ជាទ្រឹស្ដី និងគោលការណ៍សិទ្ធិមនុស្ស សម្ដេចតេជោ គឺជាតួអង្គសិទ្ធិមនុស្សដ៏សំខាន់បំផុត តាមរយៈការនាំត្រឡប់មកវិញ និងការបន្ដរក្សាការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ជាពិសេសការធានាសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិចម្បងគេរបស់មនុស្ស ពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម និងការមិនមានទោសប្រហារជីវិតដែលបានកំណត់យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកក៏បានរំឮកជូនអង្គពិធីថា កម្ពុជាបានផ្ដល់សច្ចាប័នលើ កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៩២ និងបានដាក់របាយការណ៍លើកដំបូង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៩៨ ហើយគណៈកម្មាធិការបានពិនិត្យរបាយការណ៍នេះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៩។ របាយការណ៍លើកទី២ ទី៣ និងទី៤ បានបញ្ជូនទៅគណៈកម្មការក្នុងខែកញ្ញា ឆ្នាំ ២០១២ ដោយគណៈកម្មាធិការបានពិនិត្យនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ចំពោះរបាយការណ៍លើទី៥នេះ បានដាក់ជូនគណៈកម្មការធិការសិទ្ធិមនុស្ស (សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ) របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ដោយគណៈប្រតិភូកម្ពុជាបានចូលរួមការពិនិត្យរបាយ ការណ៍នេះជាមួយគណៈកម្មាធិការ នៅថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២២ តាមទម្រង់ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ហើយគណៈកម្មាធិការបានចេញជាសេចក្ដីអង្កេតសន្និដ្ឋានផ្លូវការចំនួន ៨ចំណុច នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សម្រាប់ឱ្យកម្ពុជាអនុវត្តបន្តឆ្លើយតបទៅនឹងសេចក្តីអង្កេតសន្និដ្ឋានទាំងនោះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស មានកាតព្វកិច្ចក្នុងការបាយការណ៍ចំនួន៥ ជូនអង្គការសហ ប្រជាជាតិ រួមមាន របាយការណ៍ពិនិត្យឡើងវិញតាមកាលកំណត់ជាសកល (UPR) របាយការណ៍សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របាយការណ៍ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ និងរបាយការណ៍ស្តីពី ការការពារជនគ្រប់រូបពីការបាត់ខ្លួន ដោយបង្ខំ។ បន្ថែមលើនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏មានភារកិច្ចក្នុងការសរសេរឯកសារចោលរួម (Common Core Document) ដែលជាឯកសារនិយាយអំពីព័ត៌មានទូទៅពាក់ព័ន្ធនឹងប្រទេសកម្ពុជា សម្រាប់ភ្ជាប់ជាមួយបាយការណ៍តាមសន្ធិសញ្ញជាក់លាក់នីមួយៗ។
លោក កែវ រ៉េមី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្ហាញនូវការប្តេជ្ញាចិត្តចំពោះការដាក់របាយការណ៍ជាតិរបស់កម្ពុជានៃការអនុវត្តរបាយការណ៍សិទ្ធិមនុស្ស ជូនអង្គការសហប្រជាជាតិឱ្យបានតាមពេលវេលាកំណត់ដោយដាក់ចេញនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបង្កើតនូវក្រុមការងារក្រសួងយការសិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ដែលមានទាំងក្រុមការងារអន្តរក្រសួងកម្រិតបច្ចេកទេស និងក្រុមការងារក្រសួងដឹកនាំ។
ជាមួយការអន្តរក្រសួងនេះបានជំរុញឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អាចធ្វើការសម្របសម្រួល និងការសហការកាន់តែ មានប្រសិទ្ឋភាព ជាមួយគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធទៅនឹងការអនុវត្តបាយការណ៍វិទ្ធិមនុស្សនីមួយៗ ដែលធ្វើឱ្យការងារសរសេរបាយការណ៍សិទ្ធិមនុស្សរបស់កម្ពុជា និងអាចដាក់របាយការណ៍ជាតិជូនអង្គការសហប្រជាជាតិតាសមកាលកំណត់៕