(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញឈុតសម្តែងថ្មីមួយទៀត ក្នុងភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។ នៅក្នុងឃ្លីបនេះ គឺជាឈុតសម្តែងបង្ហាញពីជីវភាពក្រុមគ្រួសារមេបញ្ជាការ «សំរេច» ក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងឈុតសម្តែងនេះ បានផ្តោតជាសំខាន់ទៅលើកុមារា ហ៊ុន ម៉ាណែត ព្រោះតែឃ្លានបាយពេកបានឡើងទៅលើផ្ទះ ធ្វើឱ្យជីដូនជីតា និងម្តាយផ្អើលឆោឡោ។ ពេលនោះអ្នកស្រី ម៉ារ៉ានី ក៏បានរត់ឡើងទៅលើផ្ទះ ហើយឃើញកុមារា ហ៊ុន ម៉ាណែត កំពុងអង្គុយហូបបាយជាមួយឆ្មា នាំឱ្យមានការហួសចិត្តគ្រប់គ្នា។

ព្រឹត្តិការណ៍ដែលបង្ហាញក្នុងឈុតសម្តែងនេះ គឺនៅមុនពេលអ្នកស្រី ម៉ារ៉ានី នាំកុមារា ហ៊ុន ម៉ាណែត មករកឪពុកជារដ្ឋមន្ត្រីការបរទេសនៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា ថ្ងៃដែលសម្តេចបានជួបភរិយា និងកូនឡើងវិញនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ក៏ជាពេលវេលាមួយឈឺចាប់ផងដែរ ព្រោះតែកូនប្រុសមិនស្គាល់ឪពុក ហើយហៅឪពុកថាពូទៅវិញ។

សូមបញ្ជាក់ថា ឈុតសម្តែងនៅក្នុងភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ចំនួន១៣ឃ្លីបហើយត្រូវបានសម្តេចតេជោ បង្ហាញជាសាធារណៈ។ ឈុតសម្តែងដែលសម្តេចតេជោទម្លាយ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសាធារណជន។

ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅ​និងដំណើរជីវិតពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅ​និងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅ​អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។

ភាពយន្តមានប្រមាណ ៥២ភាគ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។ ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕