(ឧត្តរមានជ័យ)៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានពីការការបង្ខិតសេវាចុះឈ្មោះបោះឆ្នោត របស់ក្រុមចុះឈ្មោះបោះឆ្នោត ឱ្យកាន់តែជិតប្រជាពលរដ្ឋ នៅតាមភូមិដែលមានភូមិសាស្ត្រលំបាកស្មុគស្មាញ។ នេះតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមប្រតិទិនកំណត់របស់ គ.ជ.ប ចែកចេញជា៣ ដំណាក់កាល ដែលក្នុងនោះមាន៖
* ការពិនិត្យបញ្ជីឈ្មោះរយៈពេល ១៥ថ្ងៃដំបូង ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជាការិយាល័យចុះឈ្មោះចម្បងនៅតាមសាលាឃុំ សង្កាត់
* រយៈពេល ២៥ថ្ងៃ បន្ទាប់ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវចល័តទៅតាមភូមិនៃឃុំ-សង្កាត់នីមួយៗ
* រយៈពេល១០ថ្ងៃចុងក្រោយ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវវិលត្រឡប់មកចុះឈ្មោះបោះឆ្នោតនៅសាលាឃុំ-សង្កាត់វិញ។
ទិដ្ឋភាពជារួមក្នុងដំណើរការនៃការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវចុះចល័តនៅតាមភូមិមានស្ថានភាពភូមិសាស្ត្រមិនដូចគ្នាទេ មានឃុំ-សង្កាត់ មួយចំនួនមានភូមិសាស្ត្រមានទ្រង់ទ្រាយធំ មានភូមិច្រើន ភូមិមួយទៅភូមិមួយមានចម្ងាយឆ្ងាយ ធ្វើឱ្យក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រូវបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋបំផុតដើម្បី បង្កលក្ខណៈងាយស្រួល ឱ្យប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ និងប្រជាពលរដ្ឋដែលពុំទាន់បានចុះឈ្មោះបោះឆ្នោតឱ្យ បានចុះឈ្មោះបោះឆ្នោត គ្រប់ៗគ្នាដើម្បីមានសិទ្ធិចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងអំឡុងនៃការចុះចល័តតាមភូមិ សរុបទាំង ២៤ឃុំ-សង្កាត់ មានភូមិប្រមាណ ៤២ភូមិ ដែលមានចម្ងាយពីភូមិមួយ ទៅភូមិមួយ ប្រមាណពី៣០ ទៅ៤០គីឡូម៉ែត្រជាង ដែលក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រូវសម្រាកយប់នៅទីនោះ តាមវត្តអារ៉ាម សាលារៀន សាលាឆទាន នៃលទ្ធភាពក្នុងភូមិមានទីសំណាក់ស្នាក់អាស្រ័យ។ ក្រុមចុះឈ្មោះបោះឆ្នោត បានលះបង់កម្លាំងកាយចិត្ត ពេលវេលា ភាពលំបាកគ្រប់យ៉ាង ក្នុងកាលៈទេសៈនោះ។ នេះសបញ្ជាក់ឱ្យឃើញថាការអនុវត្តការងាររបស់ក្រុមចុះឈ្មោះបោះឆ្នោត បានយកចិត្តទុកដាក់ខ្ពស់ក្នុងភាពជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះផងដែរ សមាសភាព ល.ខ.ប បានចុះជាប់ជាមួយផ្តល់កម្លាំងចិត្ត និងសម្របសម្រួលការងារយ៉ាងយកចិត្តទុកដាក់បោះឆ្នោត (ក.ច.ប) ដោយមិនទុកឱ្យពួកគាត់លំបាកតែឯងនោះឡើយ។ មួយវិញទៀតមានការចូលរួម កិច្ចសហការយ៉ាងយកចិត្តទុកដាក់ ក្នុងគ្រាលំបាកនេះ ពីសំណាក់អាជ្ញាធរភូមិ ឃុំ-សង្កាត់ កងកម្លាំងការពារការិយាល័យចុះឈ្មោះបោះឆ្នោត និងមានការគាំទ្រ ផ្តល់កិច្ចសហការពីអាជ្ញាធរខេត្ត ក្រុង ស្រុក និងមានការចូលរួមសង្កេតការណ៍ពីភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ សមាគមនានា ក្នុងខេត្តឧត្តរមានជ័យ។
ក្នុងនាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ ដែលជាស្ពានចម្លងការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ពីក្រុមប្រឹក្សាឃុំ-សង្កាត់ ជូន គ.ជ.ប លោកស្រី ត្រាន់ សួគ៌ បានថ្លែងថា «សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះឆន្ទៈដ៏មោះមុតរបស់ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ក្រុមប្រឹក្សាឃុំ-សង្កាត់ កងកម្លាំងការពារការិយាល័យចុះឈ្មោះបោះឆ្នោត មេភូមិពាក់ព័ន្ធដែលបានចូលរួមសហការលើកិច្ចការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឈានទៅរកភាពជោគជ័យ»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) វិលចូលសាលាឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទទួលបាន៖
* ផែនការប៉ាន់ស្មានការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចំនួន៧,៥១៨នាក់
* ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៧,១៤៨នាក់ គិតជាភាគរយ ៩៥.៥៧ភាគរយ
* អ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ៨៧៥នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មីមានចំនួន ២,៨០៦នាក់
* អ្នកដែលបានកែតម្រូវទិន្ន័យមានចំនួន ៨២៣នាក់.
ក្នុងឱកាសនេះផងដែរ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត លោកស្រី គ្រាន់ សួគ៌ា បញ្ជាក់ជាថ្មីថា «សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ព្រោះសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត គឺនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥:៣០នាទីល្ងាច ត្រូវបានបញ្ចប់បិទការិយាល័យពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទូទាំង ២៤ការិយាល័យឃុំ សង្កាត់ ក្នុងខេត្តឧត្តរមានជ័យ»៕