(ស្វាយរៀង)៖ ផ្លូវបេតុងអាម៉េមួយខ្សែប្រវែង៥៩២ម៉ែត្រទទឹង៧ម៉ែត្រ ស្ថិតនៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនោះលោក លឹម សៀងហេង បានថ្លែងថា នាពេលកន្លងមកផ្លូវ១ខ្សែនេះ មានសភាពតូចចង្អៀតនិងខូចខាតច្រើន ហើយនៅរដូវវស្សាស្ថានភាពផ្លូវគឺមានទឹកដក់និងរអិល ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ជាពិសេសគឺនៅពេលប្រជាពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារតែងតែជួបការលំបាកក្នុងការធ្វើដំណើរ។ ក្នុងនាមអាជ្ញាធរក្រុង លោកសូមអរគុណចំពោះប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវមួយខ្សែនេះ ដែលមានការយោគយល់ ជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាផ្លូវនេះ ឲ្យបានរួចរាល់ផងដែរ។

បន្ថែមលើសពីនេះលោក លឹម សៀងហេង បានបញ្ជាក់ថា ខណៈផ្លូវ១ខ្សែរនេះ បានជួសជុលរួចហើយនោះ នឹងមានបំពាក់អំពូលសូឡាដើម្បីបំភ្លឺនៅពេលយប់ ដូច្នេះលោកសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃមិនថានៅទីក្រុង ឬជនបទនោះឡើយ។ ម៉្យាងទៀត លោកសំណូមពរនិងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយ ត្រូវគិតថាផ្លូវជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។

ជាមួយគ្នានេះ លោកអភិបាលក្រុងបាវិត បានធ្វើការក្រើនរំលឹក និងជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ កុំលែងសត្វពាហៈហនៈដែលចិញ្ចឹមពាសវាលពាសកាល គឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតមានឡើងនៅមូលដ្ឋាន និងមិនត្រូវសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ៕